ភ្នំពេញ ៖ ស្ត្រីជាអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពលត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួងរ៉ែ និងថាមពលជាង៥០ម៉ឺនដុល្លារ។
សមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ ជិន លក្ខិណា អាយុ៣៥ឆ្នាំ មុខរបរអនុប្រធានគ្រប់គ្រងចំណូល (ក្រសួងរ៉ែ និងថាមពល) ស្នាក់នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមរបាយការណ៍បញ្ជាក់ដោយសមត្ថកិច្ចបានឱ្យដឹងថា សម្ភារបាត់បង់ក្នុងករណីលួចនេះរួមមាន៖ ១-នៅក្នុងទូដែករួមមានប្រាក់រៀលចំនួន១,៤៣១,២៨៤, ៥៩៧.៨០រៀល (មួយពាន់បួនរយសាបមួយលានម៉ាម្ភៃប្រាំបីម៉ឺនបួនពាន់ប្រាំរយកៅសិបប្រាំពីររៀលប៉ែតសិបសេន)។ ២- ប្រាក់ដុល្លារចំនួន១៦០,២៣៧ដុល្លារនិង៩២សេន (ដប់ប្រាំមួយម៉ឺនពីររយសាបសិបប្រាំពីរដុល្លារនិងកៅសិបពីរសេន)។
សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែ និងថាមពល បានសុំអនុញ្ញាតច្បាប់ចំនួន៨ថ្ងៃ ដោយសារក្រុមគ្រួសារនិងរូបគាត់ផ្ទាល់បានផ្ទុកនូវជំងឺកូវីដ-១៩។ លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានផ្ញើសារទៅជនរងគ្រោះតាមទូរស័ព្ទថា សុំសោបន្ទប់ឱ្យជាងធ្វើសោទូដែក គាត់ក៏ឱ្យជនសង្ស័យទៅយកពីប្រធានរដ្ឋបាល។ពេលបានសោហើយជនសង្ស័យក៏ចូលទៅឆ្កឹះទូដែក និងសែងទូដែកចេញប្តូរទូដែកថ្មីមកជំនួសវិញ។
សមត្ថកិច្ចបញ្ជាក់ថា លុះមកដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក ជនរងគ្រោះក៏មកធ្វើការវិញពេលចូលដល់ក្នុងបន្ទប់ចាក់សោយកប្រាក់ឱ្យថ្នាក់ដឹកនាំស្រាប់តែចាក់សោពុំត្រូវ និងខុសលេខកូដទើបគាត់ហៅជនសង្ស័យមកសួរ ហើយឆែកមើលតាមកាមេរ៉ាសុវត្ថិភាពស្រាប់តែឃើញជនសង្ស័យសែងទូដែកចេញក្រៅ ទើបជនសង្ស័យសារភាពថាខ្លួនជាអ្នកឆ្កឹះទូដែក និងប្តូរទូដែកតែម្ដង៕
ដោយ៖ជ្រោយពេជ្រ