ខេត្តតាកែវ ៖ កាលពីវេលាម៉ោង២០និង០៥នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងបណ្ដាលឱ្យមន្ត្រីនគរបាលចរាចរណ៍ម្នាក់រងរបួសធ្ងន់ខណៈដែលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ជើងគោក។
ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៧១-៧២ ក្នុងភូមិតាលឿ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។
បើយោងតាមសមត្ថកិច្ចចរាចរណ៍ជើងគោកបានឱ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2N-2569 បើកដោយឈ្មោះជីប ជួន ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំស្រុកទ្រាំង ខេត្តតាកែវ មុខរបររត់ម៉ូតូឌុប បើកមកពីទិសខាងត្បូង ពេលមកដល់ចំណុចខាងលើក៏ស្រាប់តែរេចង្កូតធ្លាក់ទៅចិញ្ចើមផ្លូវហើយទៅបុកមន្ត្រីនគរបាលចរាចរណ៍ម្នាក់ឈ្មោះបួន វី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត(រងរបួសធ្ងន់) ខណៈកំពុងតែប្រចាំការនៅគោលដៅត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថារថយន្តបង្កហេតុខាងលើបានរងការខូចខាតធ្ងន់ហើយបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។ ចំណែកឯអ្នករងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ មូលហេតុមកពីរថយន្តបើកបរក្នុងល្បឿនលឿន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ ស សម