ព័ត៌មានទាន់ហេតុការណ៍៖

ដេកក្បែរប្រពន្ធមួយយប់ព្រឹកឡេីងទេីបដឹងថាប្រពន្ធស្លាប់

ចែករំលែក៖

​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​១​គូ​គេង​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​គ្នាពេញមួយយប់ លុះ​ព្រឹក​ឡើង បុរស​ជា​ប្ដី​​ដាស់​ឱ្យ​ប្រពន្ធ​ក្រោក​ទៅ​ងូតទឹកដើម្បី​រៀបចំ​ខ្លួន​ទៅ​ធ្វើការទើប​ដឹង​ថាប្រពន្ធ​របស់ខ្លួន​​បានស្លា​ប់​បាត់​ទៅ​ហើយ ដោយ​ពុំ​ដឹង​ថាស្លា​ប់​តាំងពី​ពេល​ណា​ឡើយ​។ 

   ហេតុការណ៍​នេះបាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹកថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២២ នៅ​ក្នុង​បន្ទប់​លេខ​B៧ ជាន់​ទី​២ ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

   ស្ត្រី​ដែល​ស្លា​ប់​ខាងលើ​មានឈ្មោះ សុត រ៉ា អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ប្ដី​ឈ្មោះ ខៃ លី​ឃុន អាយុ​២៨​ឆ្នាំ មុខរប​រកម្មករ​សំណង់ អ្នក​ទាំង​២​មានកូន​ម្នាក់ មាន​ស្រុកកំណេីត​ក្នុងភូមិ​ក្រសាំង ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

   បើ​តាម​បុរស​ជា​ប្ដី​បាន​ប្រាប់​ឱ្យ​នគរបាល​ដឹង​ថា ប្រពន្ធ​គាត់​មាន​ជំងឺ​បេះដូង​ជាង​១​ឆ្នាំ​មក​ហើយ។ មិនតែប៉ុណ្ណោះ​កាលពី​ពេល​ថ្មី​ៗនេះ ជំងឺ​ប្រពន្ធគាត់ឧស្សាហ៍​រើ​ឡើង​ធ្វើទុក្ខ​ជា​ញឹកញាប់ ដោយ​មាន​អាកា​រៈដក​ដង្ហើម​អត់​ចង់​ដល់​គ្នា​ឡើយ​។ ប៉ុន្តែ​ដោយសារ​តែ​ជីវភាព​ខ្វះខាតទើប​ពុំ​បាន​ទៅ​ព្យាបាល​ឱ្យ​បាន​ដិត​ដល់​នោះ​ទេ ម្យ៉ាងទៀត​បើ​ទោះបីជា​មាន​ជំងឺ​ជាប់​ខ្លួន​បែប​នេះ​ក្ដី ក៏​ប្រពន្ធ​គាត់​បាន​បន្ត​ទៅ​ធ្វើ​ការងារ​ជា​ធម្មតា​ដែរ មិន​ដែល​ឈប់​សម្រាក​ឡើយ។

    បុរសជាប្តីបាន​បញ្ជាក់​ថា នៅយប់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ ក្រោយ​ពេល​ត្រឡប់​មក​ពី​ធ្វើការ​វិញ គាត់​និង​ប្រពន្ធ​បាន​ហូប​បាយ​ជុំ​គ្នា​ដូច​សព្វមួយដង​។ បន្ទាប់​មក​ទើប​នាំគ្នាចូល​គេង​ជា​ធម្មតា ហើយដោយ​សារ​តែ​ធ្វើការ​ពី​ថ្ងៃ​អស់កម្លាំង​ផង​នោះគាត់​ក៏​បាន​ដេក​លក់​ទៅ។ លុះដល់​វេលា​ព្រឹក​ឡើងថ្ងៃ​កើតហេតុ គឺ​ថ្ងៃ​ទី​១ ខែមេសា​នេះ គាត់​បាន​ក្រោក​មុន ហើយ​ដាស់​ឱ្យប្រពន្ធ​ក្រោក​ទៅ​ងូតទឹក​រៀបចំ​ខ្លួន​ទៅ​ធ្វើការ តែ​ប្រពន្ធ​អត់​ឆ្លើយ ហើយ​ពុំព្រម​ក្រោក​សោះ ពេល​នោះ​គាត់​ជា​ប្ដី​បាន​ចាប់​អង្រួនទើប​ដឹង​ថាប្រពន្ធ​

ស្លា​ប់​បាត់​ទៅ​ហើយ  ដោយមិនដឹងថា​ប្រពន្ធ​ស្លា​ប់​តាំងពី​ពេល​ណា​នោះ​ទេទេីបបង្កការភ្ញាក់ផ្អើលនិងបាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​។  ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់​ស​ពស្ត្រី​រង​គ្រោះ​ឱ្យប្តីយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖