ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតសត្វខ្ទីង១ក្បាលដែលដេញវ័ធបង្ករបួសស្នាមដល់កសិករ៣នាក់នោះត្រូវក្រុមអភិរក្សប្រាសាទព្រៃគុកទាក់បានហើយ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ សត្វខ្ទីង១ក្បាលដែលដើរចូលក្នុងចម្ការដំឡូងអ្នកភូមិហើយដេញវ័ធម្ចាស់ចម្ការប្រុសស្រី៣នាក់ឱ្យរងរបួសធ្ងន់និងស្រាលនោះ ពេលនេះត្រូវបានក្រុមការងារជំនាញរបស់អភិរក្ស ប្រាសាទព្រៃគុកមកទាក់បានហើយខណៈដែលមន្ត្រីសមត្ថកិច្ច និងអាជ្ញាធរ យាមកាមការពារអស់រយៈពេល១យប់១ថ្ងៃមក។ 

    ក្រោយធ្វើសកម្មភាពដេញវ័ធកសិករទាំង៣នាក់បណ្តាលឱ្យរងរបួសធ្ងន់ស្រាលមក ជនរងគ្រោះទាំងនោះត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យខេត្ត ចំណែកសត្វខ្ទីងនោះក៏ដើរចូលព្រៃក្បែរនោះពួនសម្ងំលាក់ខ្លួនបាត់ទៅ។ ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិសិទ្ធសេរី ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

    ជនរងគ្រោះប្រុសស្រី៣នាក់នោះមានប្រុស២នាក់ ស្រី១ម្នាក់ ពួកគាត់​ជាកសិករធ្វើចម្ការដំឡូងនៅចំណុចកើតហេតុខាងលើ  ​ព្រោះតែពួកគាត់​មិន​ស្គាល់សត្វខ្ទីង​នោះទេ ស្មាន​តែ​សត្វក្របីក៏បាន​រត់ទៅ​ដេញ​កំុឲ្យចូលចម្ការស៉ីដំឡូងពួកគាត់។ តែ​ពេលនោះសត្វខ្ទីងនោះមិនខ្លាចបែរជាដេញវ័ធ​ពួកគាត់ទាំង៣នាក់បណ្តា​លឱ្យរង​របួស​ធ្ងន់និងស្រាលទាំង៣នាក់តែម្តង ​ខណ:រត់ទៅជួយគ្នា បច្ចុប្បន្នត្រូវ​បាន​បញ្ជូន​យក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តឧត្តរមានជ័យ។

   លោកអាន សាមិត្ត អភិបាលរងស្រុកបន្ទាយអំពិល រួមទាំង​កម្លាំង​មន្ត្រីអភិរក្សមន្ទីរ​បរិស្ថានខេត្ត, កម្លាំងសឹករងបន្ទាយអំពិល ​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ បានហ៊ុមព័ទ្ធ​ឃ្លាំ​ចាំមើលសត្វខ្ទីង១ក្បាលនោះដែលធ្វើឱ្យមនុស្ស៣នាក់រងរបួស ហើយសមត្ថកិច្ចនិងមន្ត្រីទាំងនោះបានយាមកាមដោយ​មាន​ការ​ប្រុងប្រយ័ត្នខ្ពស់។ បច្ចុប្បន្ន​សត្វ​ខ្ទីងនោះបាន​សំងំ​នៅ​ក្នុង​ព្រៃមួយកន្លែងជាប់​ចម្ការ​ដំឡូងអ្នកភូមិ ក្រោយពីធ្វើសកម្មភាពដេញវ័ធប្រជាពលរដ្ឋ៣នាក់ឲ្យរងរបួសហើយនោះ ពេលនេះត្រូវបានក្រុមការងារជំនាញអភិរក្សសួនសត្វមកទាក់បានហើយ ៗបានយកទៅដាក់ក្នុងសួនសត្វប្រាសាទព្រៃគុក៕

                           

ដោយ៖ មាស សុផាត


ចែករំលែក៖