ព័ត៌មានទាន់ហេតុការណ៍៖

អនុព័ន្ធយោធាវៀតណាមចាស់ចូលជួបសំដែងការគួរសម ជម្រាបលា ចំពោះនាយឧត្តមសេនីយ៍ វង្ស ពិសេន និងអនុព័ន្ធយោធាថ្មីបង្ហាញមុខ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី០១ ខែមេសា បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Nguyen Thanh Chinh នាយការិយាល័យអនុព័ន្ធយោធាវៀតណាម ចូលជួបសម្តែងការគួរសម ជម្រាបលា និងលោកវរសេនីយ៍ឯកបម្រុង Tran Van Tam នាយការិយាល័យអនុព័ន្ធយោធាវៀតណាមថ្មី បង្ហាញមុខ។ 

ក្នុងឱកាសនោះ វរសេនីយ៍ឯក Nguyen Thanh Chinh បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសម្ដែងការគួរសម ជម្រាបលា។

ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ឯក Nguyen Thanh Chinh និងលោកវរសេនីយ៍ឯកបម្រុង Tran Van Tam បានគោរពជូនពរឆ្នាំថ្មី នាំមកនូវសិរីសួស្ដីដល់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ និងថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន ក្នុងកងយោធពលខេមរភូមិនផងដែរ។

វរសេនីយ៍ឯក Nguyen Thanh Chinh បានលើកឡើងពី បេសកកម្មកាទូតរយ:ពេលជាង ៣ឆ្នាំនៅកម្ពុជា ដែលទទួលបានលទ្ធផលល្អ ក្រោមកិច្ចសហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ។

ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកវរសេនីយ៍ឯក Nguyen Thanh Chinh ដែលបានរួមចំណែកដល់ការលើកកម្ពស់ពង្រឹងទំនាក់ទំនងសាមគ្គីភាព ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោងរវាងកងទ័ពប្រទេសទាំងពីរ។ 

នាយឧត្តមសេនីយ៍ បានមានជំនឿយ៉ាងមុតមាំថា ក្រោមកិច្ចសហការវាងអនុព័ន្ធយោធាវៀតណាមថ្មី និងថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ កងទ័ពប្រទេសទាំងពីរនឹងបន្តសហការជួយគាំទ្រគ្នាកាន់តែជិតស្និទ្ធថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖