ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីផ្តល់ជំនួយទឹកប្រាក់១០០ពាន់លានរូប្លិ៍សម្រាប់ទប់ទល់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច

ចែករំលែក៖

 

ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារតែការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច រុស្ស៊ីបានសម្រេចផ្តល់ជំនួយជាទឹកប្រាក់ ១០០ពាន់លានរូប្លិ៍(១,២៥ពាន់លានដុល្លារអាមេរិក)ដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍។
ការសម្រេចខាងលើកើតឡើង ក្នុងពេលដែលប្រធានាធិបតីពូទីន កាលពីថ្ងៃទី៣១ ខែមីនា បានជួបពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ ក៏ដូចជាក្រុមហ៊ុនផលិតយន្តហោះ ។ លោកពូទីន
បញ្ជាក់ថា ជើងហោះហើរក្នុងស្រុកនឹងទទួលបានការផ្តល់ជំនួយដើម្បីបញ្ចៀសផលប៉ះពាល់ ។
រុស្ស៊ីឈរលំដាប់ទី១១នៅលើពិភពលោក ពីការហោះហើរមមាញឹកបំផុត ប៉ុន្តែពេលនេះកំពុងតែរងផលប៉ះពាល់ខ្លាំងដោយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី មិនទទួលបានការជួសជុល ថែទាំយន្តហោះពីសេវាកម្មនៅក្នុងទឹកដីអាមេរិកនិងអឺរ៉ុបនោះឡើយ។
ដោយការដាក់ទណ្ឌកម្ម យន្តហោះលោកខាងលិចក៏ត្រូវបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីភាគច្រើនបានជួលយន្តហោះពីប្រទេសលោកខាងលិច ហើយនៅពេលនេះមានយន្តហោះ៤០០គ្រឿងដែលក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីជួល កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ីនៅឡើយ ៕

ដោយ៖ ធីរីណា


ចែករំលែក៖