ខេត្តព្រៃវែង ៖ ព្រះវិហារ រួមនឹងសមិទ្ធផលមួយចំនួន ស្ថិតក្នុងវត្តខ្សុំខាងត្បូង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដែលទើបកសាងរួច បានប្រារព្ធធ្វើពិធីបុណ្យឆ្លងនាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ។
ក្នុងឱកាសអញ្ជើញបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំងបានលើកឡើងថា សន្តិភាពដែលបានកើតមានអស់រយៈពេលជាង ២ទសវត្សរ៍មកនេះ បានផ្តល់ឱកាសឲ្យកម្ពុជាធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ហើយពលរដ្ឋរួមរស់ប្រកបដោយភាពសុខដុមរមនា។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរដល់ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមកសាងសមិទ្ធផលនានានៅក្នុងទីអារាមវត្តខ្សុំខាងត្បូងនេះឡើង ដើម្បីទុកជាស្រែបុណ្យដល់ពុទ្ធបរិស័ទគោរពបូជា និងបដិបត្តិធម៌តាមគន្លងព្រះពុទ្ធសាសនា។
នាយឧត្តមសេនីយ៍ បានបង្ហាញពីការចងចាំជានិច្ច ចំពោះគុណូបការៈដ៏ឧត្តង្គឧត្តមរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុន រំដោះមាតុភូមិកម្ពុជាចេញពីភ្លើងសង្គ្រាមរ៉ាំរ៉ៃ ពីរបបប្រល័យពូជសាសន៍ រហូតទទួលបានសន្ដិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន ដោយនយោបាយ ឈ្នះ ឈ្នះ។
“សន្តិភាពពិតជាមានតម្លៃសម្រាប់ជីវិតមនុស្ស បើគ្មានសន្តិភាព អ្វីៗក៏គ្មាន។ ដូច្នេះក្នុងតម្លៃណាក៏ដោយ ត្រូវការពារសន្ដិភាព និងត្រូវចងចាំពាក្យ អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ“។ នេះជាការបញ្ជាក់យ៉ាងមុតមាំរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ។
នាយឧត្តមសេនីយ៍ បានបន្តថា ក្នុងបរិបទនៃការរីករាលដាលសកលនៃជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានបន្តស្រោចស្រង់ និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាពីមាត់ជ្រោះមរណៈជាលើកទី៣ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ តាមរយៈការដាក់ចេញវិធានការសមស្រប និងការស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនពលរដ្ឋ បង្កើតភាពស៊ាំដែលគុណបំណាច់ និងសមិទ្ធផលដ៏ធំធេងនេះ ពិតជាមានតម្លៃសច្ចធម៌ជាប្រត្តិសាស្ត្រ ដែលគ្មានក្រុម ឬជនណាមួយមកបំផ្លាញ និងមួលបង្កាច់ការពិតនេះបានឡើយ៕
ដោយ ៖ សុខ ខេមរា