ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗនិងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានគេដឹកបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាជាមួយនឹងម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង ៤៥ នាទីថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវខេត្តលេខ១២២ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១-១២ ស្ថិតនៅក្នុងភូមិ សំរោង ឃុំ សូរភី ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ចបានរៀបរាប់ប្រាប់ឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឡើងដោយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២បើកមកពីទិសខាងកើតបើកបរដោយឈ្មោះ អួច សោភ័ណ្ឌ ភេទ ស្រី អាយុ៤២ ឆ្នាំ មុខរបរកម្មការិនីមានទីលំនៅភូមិ សិរីមានជោគ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ បានស្លាប់នៅកន្លែងកើតហេតុ ។ បានបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាកហុដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ បើកមកពីទិសខាងលិចទៅកើត បើកបរដោយឈ្មោះ ស្រេង គឹមស្រ៊ុន ភេទ ប្រុសអាយុ ២៣ ឆ្នាំមុខរបរ កម្មករ មានទីលំនៅភូមិ ព្រៃសណ្ដែក ឃុំទួលអំពិល ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាមូលហេតុដែលបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្ដាលមកពីការបើកបរជែងខ្វះការប្រុងប្រយ័ត្ន។បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យនិងធ្វើការវាស់វែងរួចបានប្រគល់សពជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់និងសាសនា ។
ចំណែកឯវត្ថុតាងបង្កហេតុទាំងពីរត្រូវបានយកមករក្សាទុកនៅអធិការដ្ថាននគរបាលស្រុកបាទីដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕
ដោយ៖ ស សម