ភ្នំពេញ៖ វិទ្យាស្ថានសូមជូនដំណឹងដល់មហាជន ឱ្យបានជ្រាបថា៖ វិទ្យាស្ថាន នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ត TSI» នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី០២ ខែមេសា ឆ្នាំ២០២២។
ក្រសួងសាធារណការ បានឱ្យដឹងទៀតថា ព្រឹត្តិការណ៍ «សង្ក្រាន្ត TSI» នេះរៀបចំឡើង ក្នុងគោលបំណងអបអរសាទរ «ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ» និងដើម្បីចូលរួមអភិរក្សវប្បធម៌ជាតិ ព្រមទាំងបំផុសស្មារតីយុវជនឱ្យមានមោទនភាព និងស្រលាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណជាតិ ជាពិសេសដើម្បីប្រមូលថវិកាសប្បុរសធម៌ ជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា។ កម្មវិធី នឹងប្រារព្ធធ្វើឡើង ចាប់ពីម៉ោង ១០:០០ នាទីព្រឹក ដល់ម៉ោង ១៨:០០ នាទីល្ងាច ដោយមានការរៀបចំស្តង់តាំងបង្ហាញ និងលក់ផលិតផល សេវាកម្ម ស្តង់លក់ម្ហូបអាហារ និងភេសជ្ជៈ ស្តង់លក់វត្ថុអនុស្សាវរីយ៍ ព្រមទាំងការលេងល្បែងប្រជាប្រិយ បោះអង្គញ់ លាក់កន្សែង ចោលឈូង ដណ្ដើមស្លឹកឈើ ពង្រាត់កូនក្រមុំ ទាញព្រ័ត និងការរាំកម្សាន្ត ជាដើម។
ព្រឹត្តិការណ៍ «សង្ក្រាន្ត TSI» គឺបើកទទួលសាធារណៈជនឱ្យចូលរួមដោយសេរី ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្កើនភាពស្និទស្នាល និងចូលរួមចំណែកដល់ការប្រមូលមូលនិធិសប្បុរសធម៌ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
គួរបញ្ជាក់ផងដែរថា វិទ្យាស្ថាន ក៏មានបើកទទួលជួលស្តង់តាំងបង្ហាញ និងលក់ផលិតផល សេវាកម្ម ស្តង់លក់ម្ហូបអាហារ និងភេសជ្ជៈ ស្តង់លក់វត្ថុអនុស្សាវរីយ៍។ ដូចនេះ ប្រសិនបើមហាជន មានចំណាប់អារម្មណ៍ សូមទាក់ទងមកកាន់ក្រសួងផ្ទាល់៕
ដោយ៖សហការី