ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមិនមានអនុលោមភាពប្រមាណ ២៣គីឡូក្រាមត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូត

ចែករំលែក៖

ភ្នំពេញ​៖​ ដើម្បីការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិត ការពារប្រយោជន៍អ្នកប្រើប្រាស់ រក្សាសមធម៌ក្នុងទីផ្សារ និងអនុវត្តច្បាប់របស់មន្រ្តីជំនាញ ក.ប.ប. នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល និងខេត្តតាកែវ រួមជាមួយនឹងរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារផងដែរនោះ បានចុះត្រួតពិនិត្យនូវទំនិញដែលជាគ្រឿងឧបភោគ បរិភោគប្រើប្រាស់គ្រប់ប្រភេទនៅលើទីផ្សារ ឃ្លាំងស្តុក លក់ និងចែកចាយផ្សេងៗគ្នាស្ថិតនៅតាមគោលដៅអទិភាពមួយចំនួន។ 

គោលបំណងគឺដើម្បីស្វែករកភាពមិនអនុលោមនៃទំនិញទាំងអស់នោះដែលចរាចរដោយធុរជន ទាំងចេតនា និងអចេតនា ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ចុងក្រោយ និងខាតបង់ផលប្រយោជន៍ផ្សេងៗ។

តាមលទ្ធផលមន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ២៣គីឡូក្រាមយកមកកម្ទេចចោល និងពិន័យទៅលើម្ចាស់ទំនិញទៅតាមនីតិវិធី។

ជាមួយគ្នានោះ​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និងខេត្តកំពង់ឆ្នាំង បន្តប្រតិបត្តិការត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ​ និងដេប៉ូចំនួន ១៦ទីតាំង។ ជាក់ស្ដែង​ជាលទ្ធផលនៃការត្រួតពិនិត្យ​ គឺមានតែ ៥ទីតាំងដែលមិនមានអនុលោមភាព និងពិន័យលើម្ចាស់ដេប៉ូទាំង ៥នោះផងដែរ។

គួរជម្រាបថា​ ប្រតិបត្តិការខាងលើនេះ​ ក្នុង​គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីបន្តស្វែងរកភាពមិនអុលោមភាពលើវិស័យប្រេងឥន្ធនៈ និងរារាំងអំពើមិនសុចរិតផ្សេងៗទៅលើអ្នកប្រើប្រាស់ ក៏ដូចជាក្នុងធុរកិច្ចពាណិជ្ជកម្ម៕

ដោយ​៖សហការី​


ចែករំលែក៖