ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី០២ ខែមេសា ឆ្នាំ២០២២នេះថា៖«ក្រសួង បាននិងកំពុងអនុវត្តគម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា -CSLEP ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ជួរភ្នំក្រវាញ និងបឹងទន្លេសាប »។
នេះជាការលើកឡងរបស់លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ហិរញ្ញប្បទានប្រកបដោយចីរភាព សម្រាប់តំបន់ការពារធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីលោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានអង្គភាពអនុវត្តគម្រោង, លោក យែត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ ក្រសួង បរិស្ថាន ,លោក ជួប បារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោក លោកស្រីតំណាងស្ថាប័នពាក់ពទ្ធ័ ជាតិ និងអន្តរជាតិ ដោយផ្ទាល់ និងតាមបណ្តាញប្រព័ន្ធZoom នៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ។
រដ្ឋលេខាធិការរូបនេះ បានបន្តថា គម្រោងនេះមានរយៈពេល ៦ឆ្នាំ (២០២០-២០២៥) ដែលបាននិងកំពុងអនុវត្តដោយសហការជាមួយអង្គការ UNDP នៅ ក្នុងខេត្តគោលដៅចំនួន ៧ រួមមាន៖ ខេត្តកំពង់ស្ពឺ; កំពង់ឆ្នាំង ;ពោធិ៍សាត់ ;កោះកុង ;បាត់ដំបង ;សៀមរាប និងខេត្តកំពង់ធំ។ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ត្រូវបានអនុវត្តរួមគ្នាដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ និងត្រូវបានបែងចែកជា ៥ សមាសភាគសំខាន់ៗ រួមមាន៖ ១-ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាព ២-ការពង្រឹងឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងខ្សែច្រវ៉ាក់តម្លៃអនុផលព្រៃឈើ
៣-ការជំរុញការតភ្ជាប់ខ្សែផ្លូវចេញ-ចូល នៅតាមជនបទ
៤-ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និង
៥- ការឆ្លើយតបនឹងគ្រោះអាសន្ន។
គម្រោង CSLEP ក៏បានស្វែងរកជម្រើស ហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជាឱ្យមាននិរន្តរភាព។
នាឱកាសនោះដែរ លោកស្រី ចាន់ សុម៉ាលី មានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បី ១) បង្ហាញ និងពិភាក្សាអំពីរបបគំហើញបឋមនៃការចាត់អាទិភាពលើជម្រើសហិរញ្ញប្បទានដោយចីរភាព ដែលគម្រោង CSLEP ត្រូវអនុវត្តបន្តពី ដំណោះស្រាយអាទិភាពចំនួន២ ដែលបានកំណត់នៅក្នុងផែនការហិរញ្ញវត្ថុជីវៈចម្រុះនៃ គម្រោង BIOFINរួមមាន ការលើស្ទួយជីវភាពសមគមន៍តាមរយៈការអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិ និងយកចិត្តទុកដាក់លើសេវាកម្មប្រព័ន្ធអរកូឡូស៊ី តាម រយៈយន្តការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និង REDD+ ២)បង្ហាញ និងពិភាក្សាពីវិធីសាស្រ្ត ក្របខណ្ឌសម្រាប់វិភាគ និងសេណារីយ៉ូ សម្រាប់ពិនិត្យលើយន្តការហិរញ្ញវត្ថុព្រមទាំងវិធានការណ៍សារពើពន្ធ/និយ័ត្តកម្ម ដែលពាក់ព័ន្ធ និង៣) ពិភាក្សា អំពីយន្តការហិរញ្ញប្បទាន/មូលនិធិ ដែលមានសក្ដានុពល ដូចជាមូលនិធិបរិស្ថាន និងសង្គម ជាដើម សម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រងមូលនិធិ/ចំណូល ដែលបានពីការអនុវត្តជម្រើសហិរញ្ញប្បទានដោយចីរភាព ដែលត្រូវបានចាត់ទុកជាអាទិភាព។លោកជំទាវបន្តថា ការអនុវត្តនេះទទួលបានជោគជ័យ ត្រូវតែពឹងផ្អែកទៅលើប្រភព២សំខាន់ គឺធនធានថវិកា និង ធនធានមនុស្ស៕
ដោយ៖សហការី