ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្វែងរកដៃគូដែលជាក្រុមហ៊ុនឯកជន ធ្វើទំនើបកម្មផ្លូវដែកបុរាណនៅកម្ពុជា។
ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន នាឱកាសជួបសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងសមិទ្ធផលនៃការស្តារ កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគិតគូរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា ដែលជាប្រព័ន្ធដឹកជញ្ជូនបុរាណ ហួសសម័យ ធ្វើដំណើរយឺតៗមួយម៉ោង២០-៣០គីឡូម៉ែត ពោលគឺចង់ឱ្យមានការធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន (លើតម្រាយផ្លូវចាស់) ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការចរាចរណ៍ឆាប់រហ័ស។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា៖ សន្តិភាពដែលកម្ពុជា រកបានដោយលំបាកបំផុតនាពេលនេះ គឺយើងត្រូវនាំគ្នាថែរក្សាឲ្យបានគង់វង្ស កុំចាំដល់ពេលបាត់បង់ទៅហើយ ទើបនាំគ្នាស្រែករកសន្តិភាព។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានលើកឧទាហរណ៍ជាក់ស្តែង ករណីសង្គ្រាមដែលបាននិងកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ពេលមានសង្គ្រាមទើបស្រែករកសន្តិភាព៕
ដោយ៖ស តារា