ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យលើកដែកអាល់ទែរហាត់ប្រាណខុសបច្ចេកទេសបណ្តាលឱ្យសង្កត់ស្លាប់នៅនឹងកន្លែង

ចែករំលែក៖

     ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យលើកដែកអាល់ទែរហាត់ប្រាណខុសបច្ចេកទេសទើបបណ្ដាលឱ្យដែកអាល់ទែរសង្កត់ពីលើស្លាប់នៅនឹងកន្លែងកើតហេតុ។

     ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងបុរីភ្នំពេញថ្មីសែនសុខ ផ្ទះលេខ៥ ផ្លូវលេខ៤ ក្នុងក្រុម៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ជនរងគ្រោះឈ្មោះផេន ចាន់នី មានអាយុ២៧ឆ្នាំ បច្ចុប្បន្នជានិស្សិតស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពង់ចាម។

    តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះខាងលើបានមកស្នាក់នៅផ្ទះកន្លែងកើតហេតុដែលម្ចាស់ផ្ទះត្រូវជាពូរបស់ខ្លួនអស់រយៈពេលជាយូរឆ្នាំមកហើយ ដោយសារម្ចាស់ផ្ទះបានទៅរស់នៅឯសហរដ្ឋអាមេរិកទើបឱ្យជនរងគ្រោះមកមើលថែផ្ទះឱ្យ។ នៅមុនពេលកើតហេតុដោយពូរបស់ជនរងគ្រោះមានការសង្ស័យ ព្រោះមើលតាមកាមេរ៉ាសុវត្ថិភាព ឃើញក្មួយរបស់គាត់បានដេកលើកន្លែងហាត់ប្រាណដោយមិនមានកាយវិការអ្វីទាំងអស់នោះក៏មានការសង្ស័យ ហើយពូរបស់ជនរងគ្រោះបានទូរស័ព្ទឱ្យអ្នកដែលរស់នៅក្បែរគ្នានោះចូលមើលទើបដឹងថា ជនរងគ្រោះត្រូវបានដែកអាល់ទែរសង្កត់ពីលើបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងហាត់ប្រាណខាងមុខផ្ទះបាត់ទៅហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកចំណុចកើតហេតុ។

   ក្រោយពីដឹងដំណឹងនេះ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានធ្វើការហ៊ុមព័ទ្ធនៅចំណុចទីតាំងកើតហេតុនិងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យចក្ខុនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យមកធ្វើការត្រួតពិនិត្យ។ ក្រោយពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ដោយ ៖ និន  សុភ័ស្ត


ចែករំលែក៖