ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ៖​ ផ្លូវទាំង ៣៨ខ្សែ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃចន្ទទី០៤ ខែមេសា ឆ្នាំ២០២២នេះ​ បានមានប្រសាសន៍នាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវទាំង៣៨ខ្សែ​ នៅខេត្ដសៀមរាបយ៉ាងដូច្នេះ​ថា៖ ផ្លូវទាំង ៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះជាតិមាតុភូមិ។ 

សម្ដេច​តេជោ​ សង្កត់ធ្ងន់ថា៖​ ផ្លូវទាំងអស់នេះ គឺគ្មានឡើយឈ្មោះ លន់ នល់ សិរិមតៈ ចេងហេង ឬសឺង ង៉ុកថាញ់ សម សារី ដែលជាអ្នកក្បត់ជាតិនោះឡើយ។ ហើយ​បើចង់ដាក់ឈ្មោះក្រុមក្បត់ជាតិទាំងនោះ ត្រូវរង់ចាំលុះណាតែពួកគេឈ្នះ ប៉ុន្ដែការរំពឹងពន្លឺ នៃជ័យជម្នះអាចនឹងមិនទៅរួចនោះទេ។

បន្ថែមពីនេះ​ សម្ដេចតេជោប្រមុខរដ្ឋាភិបាល​ ក៏បានបង្ហាញមោទនភាពយ៉ាងខ្លាំងផងដែរ ដែលថ្នាក់ដឹកនាំខេត្ដ បាននឹកឃើញអំពីការឆ្លាក់ព្រះនាមព្រះមហាក្សត្រ និងឥស្សរជនអ្នកស្នេហាជាតិតាមដងវិថីនេះ។ តាមសម្ដេចតេជោ អ្វីដែលសម្ដេចមានក្ដីរីករាយបំផុតនោះគឺ រុក្ខវិថីមួយដែលជាផ្លូវធំតភ្ជាប់ទៅកាន់អង្គរវត្តគឺមានព្រះនាម ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ដែលនេះគឺជាការបន្សល់ទុកដើម្បីកូនចៅជំនាន់ក្រោយចងចាំ។​ 

សម្ដេចនាយករដ្ឋមន្រ្តី​ ថ្លែងបន្តថា​ ខេត្ដសៀមរាប​ គឺជាខេត្ដចុងក្រោយ ដែលបានបញ្ចប់សង្រ្គាម ព្រោះតែការបញ្ចប់សង្រ្គាម នាំមកនូវសន្ដិភាព ទើបនាំឲ្យកម្ពុជា ពិសេសខេត្ដសៀមរាប អាចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានល្អស្អាត និងអាចកសាងព្រលានយន្ដហោះអន្ដរជាតិសៀមរាប អង្គរ ស្ថិតក្នុងស្រុកសូត្រនិគមឡើយ។ 

នាឱកាស​នោះ​ដែរ​ សម្ដេចនាយករដ្ឋមន្រ្តី​ ក៏បានថ្លែងអំណរគុណជូនចំពោះប្រជាជនគ្រប់គ្នាដែលចូលរួមសម្រួលដល់ដំណើរការសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ ដោយការចាកចេញនិងមិនបានបង្កើតជាការទាមទារហើយសុខចិត្តនៅក្នុងវត្ត។ ចំណុចនេះហើយដែលសម្ដេចកោតសរសើរចំពោះទឹកចិត្តរបស់ប្រជាជន ដែលចូលរួមការអភិវឌ្ឍរបស់ប្រទេសជាតិ។ ក្រោយពេលដែលសម្ដេចតេជោ ទទួលដំណឹងនេះ សម្ដេចបានរៀបចំឱ្យមានការដោះស្រាយគោលនយោបាយដីធ្លីជូនពួកគាត់ នៅតំបន់រុនតាឯក។ ក្រៅពីប្រជាជនដែលចាកចេញពីផ្លូវទាំង៣៨ខ្សែនេះ ប្រជាជនដែលរស់នៅមិនមានរបៀបរៀបរយនៅតាមស្ទឹងសៀមរាប ក៏ត្រូវបានផ្ទេរទៅកាន់តំបន់រុនតាឯកនេះផងដែរ ដោយពួកគាត់សុទ្ធតែទទួលបានកម្មសិទ្ធិគ្រប់ៗគ្នា៕

ដោយ​៖ស​ តារា​


ចែករំលែក៖