ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខកងកម្លាំងនៅទីបញ្ជាការជួរមុខទិសទី៣ ក្នុងខេត្តឧត្តរមានជ័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ក្នុងមតិសំណេះសំណាល នាយឧត្ដមសេនីយ៍ វង្ស ពិសេន តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ឈរជើងនៅទិសទី៣ ខេត្តឧត្តរមានជ័យ ដែលបានខិតខំអនុវត្តភារកិច្ចការពារបូរណភាពទឹកដី។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរម្លឹកឲ្យកងកម្លាំងយល់ច្បាស់ពីអត្ថន័យដ៏ជ្រាលជ្រៅ និងសារៈសំខាន់បំផុតនៃពាក្យថា “អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ“។
“សន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តរបស់ប្រជាជន ។ ដូច្នេះកងកម្លាំងត្រូវតែចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគត់មត់ មិនអនុញ្ញាតឲ្យកម្លាំងណាមួយមកបំផ្លាញបានឡើយ“ ។ នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ។
ពាក់ព័ន្ធដល់ស្ថានការណ៍បច្ចុប្បន្ន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីវិបត្តិធ្ងន់ធ្ងរនៃការឆ្លងរាតល្បាតជាសាកលជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សុខមាលភាព អាយុជីវិត និងសេដ្ឋកិច្ចជាតិ។ ប្រឈមបញ្ហានេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធវីធី និងយុទ្ធសាស្ត្រទាន់ហេតុការណ៍ ពិសេសការស្វែងរកវ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទប់ស្កាត់បានការឆ្លងក្នុងសហគមន៍ និងបើកប្រទេសស្តារសេដ្ឋកិច្ចឡើងវិញ។
នៅចុងបញ្ចប់ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់រាល់បទបញ្ជា និងស្មារតីទទួលខុសត្រូវតួនាទីភារកិច្ចការពារខ្សែបន្ទាត់ព្រំដែននៃមាតុភូមិ តាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងនោះត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕
ដោយ ៖ សុខ ខេមរា