ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីស្រីលង្កាអំពាវនាវឱ្យមានសាមគ្គីភាពស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ

ចែករំលែក៖

នៅថ្ងៃទី៤ខែមេសា ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានអំពាវនាវឱ្យមានសាមគ្គីភាពកាន់តែខ្លាំងឡើងដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។
ការប្រកាសខាងលើរបស់ប្រធានាធិបតី គឺក្រោយពេលមានរដ្ឋមន្ត្រី២៦រូបក្នុងរដ្ឋាភិបាលស្រីលង្កាបានលាលែងចេញពីតំណែងនៅយប់ថ្ងៃទី៣ខែមេសា។ ជាមួយគ្នានេះដែរ អគ្គនាយកធនាគារជាតិ Ajith Cabraal ក៏បានលាលែងចេញពីតំណែងដែរ។
ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa នៅថ្ងៃទី៤ខែមេសា បានអំពាវនាវឱ្យមានការចូលរួមជាមួយគ្នាបង្កើតរដ្ឋាភិបាលរួបរួមមួយដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលប្រទេសកំពុងប្រឈម ស្របពេលដែលគណៈរដ្ឋមន្រ្តីហើយនិងទេសាភិបាលធនាគារកណ្តាលបានដាក់ពាក្យលាលែងពីតំណែង។
ការិយាល័យលោក Rajapaksa បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ដោយសារនេះ គឺជាភាពចាំបាច់សម្រាប់ប្រទេសជាតិ វាដល់ពេលហើយដែលយើងត្រូវធ្វើការងារជាមួយគ្នាដើម្បីប្រជាជនគ្រប់រូបនិងអ្នកជំនាន់ក្រោយ។ លោកប្រធានាធិបតីអញ្ជើញឱ្យ គណបក្សនយោបាយទាំងអស់នៅក្នុងសភាមកចូលរួមក្នុងរដ្ឋាភិបាល ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយចំពោះ វិបត្តិដែលប្រទេសកំពុងប្រឈម»។
ស្ថានការណ៍វិវត្តនៅថ្ងៃនេះ កើតមានឡើង បន្ទាប់ពីលោក Rajapaksa បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ក្រោយប្រជាជនដែលជួបទុក្ខលំបាកខ្លាំង ដោយសារតែវិបត្តិសេដ្ឋកិច្ច បាននាំគ្នាធ្វើបាតុកម្មយ៉ាងកក្រើក៕ ដោយ៖ ធីរីណា

រូបថត​ ៖ AFP/TTXVN


ចែករំលែក៖