ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្តុបទួលពង្រ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាប់ពាក់ព័ន្ធករណីគាស់ផ្ទះលួចម៉ូតូ។
ជនសង្ស័យទី១ឈ្មោះសាង រ៉ាវី ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ឈ្មោះង៉ែត បូរិន ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី៣ឈ្មោះ ជុំ វ៉ាន់ថៃ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
វត្ថុតាងដកហូត៖ ម៉ូតូចំនួន០២គ្រឿង, ដែកកែច្នៃសំរាប់កាច់កម៉ូតូ ចំនួន០២ និងសម្ភារៈមួយចំនួនទៀត។
តាមរាបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានល្បាតលេីដងផ្លូវចោមចៅ ពេលនោះក៏ឃេីញម៉ូតូមួយគ្រឿងម៉ាកYAMAHA ពណ៌សលាយខៀវ ដោយសង្ស័យម៉ូតូដែលពលរដ្ឋបានដាក់ពាក្យបណ្តឹងបាត់ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានចូលទៅសួរនាំ និងសុំត្រួតពិនិត្យក្នុងកែបម៉ូតូ រកឃេីញដែកកែឆ្នៃចុងស្រួចចំនួន២ដេីម និងឧបករណ៍ផ្សេងទៀតទេីបនាំខ្លួនទៅសួបន្តនៅប៉ុស្តិ៍នគរបាលចោមចៅទី១។
នៅចំពោះមុខសមត្ថកិច្ចចនសង្ស័យបានសារភាពថាខ្លួនពិតជាធ្វេីសកម្មភាពលួចគាស់ផ្ទះលួចម៉ូតូនិងធ្លាប់ធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕
ដោយ៖សុខាសែនជ័យ