ខេត្តស្ទឹងត្រែង៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីងទាំងកណ្ដាលយប់ ខណៈពុទ្ធបរិស័ទ និងព្រះសង្ឃ ក្នុងវត្តស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាននាំគ្នាប្រទះឃេីញថ្មប្រាសាទបុរាណមួយផ្ទាំងធំ បានផុសចេញពីក្នុងទន្លេ ក្បែរវត្តធម្មរង្សី បាក់ស្រុតដីច្រាំង ក្រោយមានភ្លៀងធ្លាក់ជោគជាំអស់រយៈពេលប៉ុន្មានថ្ងៃនេះ។
បេីយោងតាមប្រភពព័ត៌មានពីមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី០៤ ខែមេសា ឆ្នាំ២០២២នេះថា៖ មានករណីប្រជាពលរដ្ឋរួមទាំងព្រះសង្ឃក្នុងវត្តធម្មរង្សី កាលពីយប់ថ្ងៃអាទិត្យទី០៣ ខែមេសាម្សិលមិញនេះ បានប្រទះឃេីញថ្មប្រាសាទបុរាណមួយផ្ទាំងធំ ផុសពីចេញក្នុងទន្លេ នៅជ្រោយបាចុង ខណៈភ្លៀងធ្លាក់ខ្លាំងបាក់ច្រាំងទន្លេ។ ភ្លាមនោះ ប្រជាពលរដ្ឋក៏នាំគ្នាយកខ្សែទាញយកថ្មមួយផ្ទាំង ដែលប្រុងនឹងបាក់ចូលទៅក្នុងទន្លេឡើងមកលើគោក រួចដឹកយកមករក្សាទុក នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតែម្តង។
ប្រភពដដែលបន្តថា ផ្ទាំងថ្មខាងលើនេះគេហៅថា «ផ្តែរ» ដែលជាចម្លាក់ប្រាសាទបុរាណ។ «ផ្តែរ» គឺជារនាំងនៅចន្លោះបង្គោលនៃប្រាសាទបុរាណ។
មន្រ្តីជំនាញ បានបន្ថែមទៀតថា យោងតាមសាលាកបត្រនៃបញ្ជីសារពើភណ្ឌស្ថានីយ៍បុរាណវិទ្យាខេត្តស្ទឹងត្រែង បានឱ្យដឹងថា ប្រាសាទបាចុង ស្ថិតនៅខាងលិច ក្រុងស្ទឹងត្រែង មានចម្ងាយ៣គីឡូម៉ែត្រ និងនៅជាប់បណ្ដោយផ្លូវកៅស៊ូមាត់ទន្លេសេកុង។ ជុំវិញស្ថានីយ៍នេះ នៅប៉ែកខាងកើត ទាល់ដីលោក ហា ដែង ខាងត្បូងទាល់អូរបាចុង និងខាងលិចទាល់ទន្លេធំៗចំនួន២គឺ ទន្លេមេគង្គ និងទន្លេសេកុង។ ទួលប្រាសាទនេះរងការបាក់ និងបាត់រចនាសម្ព័ន្ធប្រាសាទដោយសារបាក់ច្រាំងទន្លេ មានការជីកគាស់កាយរកវត្ថុបុរាណជាដើម។ ប្រាសាទនេះបន្សល់ទុកបំណែកឥដ្ឋ ទបង្ហូរទឹកចំនួនមួយ។
សូមជម្រាបថា ជារៀងរាល់ឆ្នាំ គណៈកម្មការវត្ត និងអ្នកភូមិបាននាំគ្នាមកប្រារព្ធពិធី បុណ្យផ្សេងៗដូចជា៖ បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌម្ដងៗ ពួកគាត់តែងតែធ្វើតាមទំនៀមទម្លាប់តៗគ្នារហូតមក តែងតែយកដុំបាយទៅបោះនៅលើដី និងយកទៅដាក់ក្នុងខ្ទមអ្នកតាមួយនៅក្បែរទីនោះ។
គួរបញ្ជាក់ថា សម្រាប់បុណ្យចូលឆ្នាំខ្មែរប្រពៃណី គឺតែងតែរៀបចំកម្មវិធីបណ្ដែតប្រទីប និងសូនរូបនាគ ធ្វើអំពីឫស្សីផងដែរ ហើយប្រាសាទខាងលើនេះ ពុំមានប័ណ្ណកម្មសិទ្ធិនៅឡើយទេ៕
ដោយ៖សហការី