ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ផ្ទះអុជធូបធ្វេសប្រហែសធ្វើឱ្យភ្លើងឆេះផ្ទះនិងមានមនុស្សរងរបួសធ្ងន់នៅស្រុក​កំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍យករថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ ប៉ុន្តែដោយផ្លូវចូលមានលក្ខណៈតូចចង្អៀតទើបបង្កឱ្យឆេះផ្ទះអស់ទាំងស្រុង ហើយម្ចាស់ផ្ទះក៏រងរបួសរលាកពេញខ្លួនដែរបន្ទាប់ពីការធ្វេសប្រហែសដុតធូបទុកចោលមិនមានអ្នកមើល។

    ហេតុការណ៍នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោង​៣និង១០នាទី​រសៀលថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២២ ស្ថិតក្នុងភូមិ​ត្រពាំង​កំ​ពិស ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទ៍ ខេត្តស្វាយរៀង​។

    ​យោង​តាម​លោកហែម សាមុត អធិការនគរបាលស្រុក​កំពង់រោទ៍បានឱ្យដឹងថាម្ចាស់ផ្ទះដែលរងរបួសមានឈ្មោះ អ៊ុំ ទឹត ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ រស់នៅត្រពាំង​កំ​ពិស ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទ៍ ខេត្តស្វាយរៀង​។

    ចំពោះ​ផ្ទះមួយ​ខ្នង​ដែលរងការខូចខាត ​នោះមាន​ទំហំទទឹង​៦​ម៉ែត្រ បណ្ដោយ​៨​ម៉ែត្រ កម្ពស់​៥​ម៉ែត្រ​ចាក់សសរ​បេតុង ជញ្ជាំង​ស័ង្កសី ដំបូល​ប្រក់​ស័ង្កសី​។

ចំណែក​សម្ភារខូចខាត​រួមមាន ស្រូវ​១៧​បេ ប្រាក់រៀល ៧០០,០០០ រៀល ទូរ​ស័ព្ទ​១​គ្រឿង សំបុត្រកំណើត សៀវភៅ​គ្រួសារ បណ្ណ​ចាក់​វ៉ាក់សាំង ប្លង់ដី និង សម្លៀកបំពាក់​មួយចំនួន​ធំ​។

    ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​សមត្ថកិច្ច​ស្រុក​កំពង់រោទ៍បានចេញ​រថយន្ត​ពន្លត់អគ្គិភ័យដើម្បីជួយបាញ់ទឹកពន្លត់  ប៉ុន្តែ​ចំណុច​កើតហេតុមានផ្ផ្លូវតូចចង្អៀតមិនអាច​ចូល​ទៅ​ជួយ​ពន្លត់​បាន​ទាន់ពេល។

   បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​បានក្រុមគ្រួសារបញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុកស្វាយទាបដើម្បី​ធ្វើការ​ស​ង្គ្រោះជីវិត៕

ដោយ៖យឹម សុថាន


ចែករំលែក៖