ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនបានរេចង្កូតឡើងលើខឿនផ្លូវបណ្ដាលឲ្យបុកបាក់បង្គោលប៉ាណូមួយដើម ចំណែករថយន្តបុកជាប់ដើមឈើទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ រួចម្ចាស់រថយន្តបង្កបានដោះយកស្លាកលេខគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០០៣កែងនឹងផ្លូវលេខ១៩៦៦ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកFORD RANGER WILL TRAK ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BR-6879 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០០៣ក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿន។ លុះបើកមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែរេចង្កូតបុកឡើងខឿនផ្លូវបណ្ដាលឱ្យបុកបាក់បង្គោលប៉ាណូចំនួនមួយដើម និងរថយន្តបន្តទៅបុកជាប់ដើមឈើទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ ហើយភ្លាមៗនោះម្ចាស់រថយន្តបង្កបានចុះពីលើរថយន្ត ទំនាក់ទំនងហៅអង្គរក្សមកដោះយកស្លាកលេខរថយន្ត រួចក៏បានឡើងរថយន្តមួយគ្រឿងទៀតគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ លុះមួយសន្ទុះក្រោយមក គេក៏បានឃើញមានរថយន្តស្ទូចមួយគ្រឿងមកស្ទូចយករថយន្តបង្កហេតុយ៉ាងប្រញាប់ប្រញាល់ចាកចេញពីកន្លែងកើតហេតុដោយមិនមានការដោះស្រាយណាមួយនោះទេ ខណៈដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យបាក់បង្គោលប៉ាណូចំនួនមួយដើមដែលជាសម្បត្តិរបស់រដ្ឋ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុលើកជាសំណួរថា ហេតុអ្វីបានជាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋបែរជាមិនមានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងនិងយករថយន្តបង្កទៅដោះស្រាយតាមផ្លូវច្បាប់ បែរជាឃើញមានរថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើយ៉ាងប្រញាប់ប្រញាល់ចាកចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅវិញ? ៕
ដោយ៖និន សុភ័ស្ត