លោក Mikel Arteta គ្រូបង្វឹកក្រុម Arsenal បានសុំទោសចំពោះទម្រង់លេងរបស់ក្រុមរបស់គាត់នៅក្នុងការបរាជ័យ ៣ទល់០ ដ៏គួរឱ្យភ្ញាក់ផ្អើលនៅទឹកដីក្រុម Crystal Palace ហើយបានទទួលស្គាល់ថា វាមិនល្អគ្រប់គ្រាន់សម្រាប់ក្លិបភាគខាងជើងទីក្រុងឡុងមួយនេះ។
ក្រុមភ្ញៀវ Arsenal បានចូលទៅក្នុងការប្រកួតដោយសម្លឹងរកការវិលទៅកាន់ក្រុមកំពូលទាំង៤វិញ និងពង្រឹងក្តីសង្ឃឹមរបស់ពួកគេក្នុងការប្រកួត Champions League រដូវកាលក្រោយផងដែរ។ ប៉ុន្តែក្រុមកាំភ្លើងធំស្ថិតក្នុងចំណាត់ថ្នាក់ល្អ ដោយនៅ១ប្រកួតក្នុងដៃទៀត ដើម្បីហក់ឡើងទៅកាន់លេខ៤បណ្តោះអាសន្ននៅលីគកំពូលអង់គ្លេស។
លោក Arteta បាននិយាយថា “វាដល់ពេលដែលត្រូវទទួលយកការរិះគន់ ដាក់ដៃហើយសុំទោស ព្រោះការប្រកួតនេះមិនល្អគ្រប់គ្រាន់សម្រាប់ក្លិបនេះ ប៉ុន្តែយើងនៅតែមានក្តីសង្ឃឹមចំពោះប្រតិកម្មនេះ។ នៅពេលអ្នកមកទីនេះ អ្នកត្រូវតែប្រកួតប្រជែង អ្នកត្រូវតែឈ្នះ ហើយយើងមិនមែនជានរណាក្នុងចំណោមពួកគេនោះទេ”។
ក្រុមកាំភ្លើងធំបានឈរពីក្រោមគូប្រជែង Tottenham ជាមួយនឹងពិន្ទុស្មើគ្នា ប៉ុន្តែបានធ្លាក់ឈរចំណាត់ថ្នាក់លេខ៥ដោយចាញ់គូប្រកួតកាលពីយប់មិញរហូតដល់៣គ្រាប់ ដោយគ្រាប់ទី១ គឺជាការតែតបាល់របស់ Jean-Philippe Mateta បន្ទាប់ពីការស៊ុតបាល់ហ្វ្រីឃីកនៅនាទីទី១៤។ នៅនាទីទី២៤ កីឡាករ Jordan Ayew បានញាក់បាល់ដាច់ខ្សែការពារ Arsenal ពីរនាក់ ហើយបានទាត់បាល់រំលងដៃអ្នកចាំទីAaron Ramsdale ចូលទីបានសម្រេចជាគ្រាប់ទី២ ។
ក្រុម Arsenal បានបង្ហាញពីភាពប្រសើរឡើងខ្លះៗក្នុងការប្រកួតតង់ទី២ ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីគូប្រកួតបាន ខណៈដែលកីឡាករMartin Odegaard មានឱកាសស៊ុតបាល់បញ្ចូលទីមួយគ្រាប់ដែរក៏នៅមិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះបាន។
ក្រុម Crystal Palace មានឱកាសរកបាន១គ្រាប់ទៀត ដែលបាល់ប៉េណាល់ទី១១ម៉ែត្រនៅនាទីទី៧៤ ដែលជាការស៊ុតដោយកីឡាករ Wilfried Zaha ។
ជ័យជម្នះនេះជាលើកទីមួយរបស់ក្រុមម្ចាស់ផ្ទះ Crystal Palace នៅផ្ទះក្នុងលីគក្នុងឆ្នាំ២០២២នេះធ្វើឲ្យក្រុមនេះឡើងឈរចំណាត់ថ្នាក់លេខ៩ក្នុង២៩ប្រកួត ខណៈដែល Arsenal នៅតែឈរនៅលេខរៀងទី៥មាន៥៤ពិន្ទុ ក្នុង២៩ប្រកួតដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)