ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន ​៖​ ការមិនបរិភោគ មិនទិញ មិនលក់សាច់ និងផលិតផលសត្វព្រៃគឺជាការចូលរួមបញ្ចប់វិបត្តិអន្ទាក់! បើគ្មានតម្រូវការ ក៏គ្មានការផ្គត់ផ្គង់!

ចែករំលែក៖

ភ្នំពេញ​៖​ ជារៀងរាល់ថ្ងៃ សត្វព្រៃដ៏មានតម្លៃរបស់យើងត្រូវបានសម្លាប់ដោយសារតែព្រានព្រៃប្រើអន្ទាក់គ្រប់ប្រភេទ និងកាំភ្លើងកែច្នៃសម្លាប់ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់គ្រួសារ និងសម្រាប់លក់នៅលើទីផ្សារដល់អ្នកដែលចូលចិត្តហូបសាច់សត្វព្រៃ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​អង្គារ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០២២។ 

សត្វព្រៃមួយ ក្បាលៗដែលបានសម្លាប់ បើគិតជាសាច់ មិនច្រើនគីឡូឡើយ ហើយបើគិតជាប្រាក់ដែលលក់បាន ក៏មិនច្រើនដែរ និងបើគិតពីរសជាតិ មិនឆ្ងាញ់ឡើយ ហើយក៏មិនមែនពិសាទៅធ្វើឱ្យយើងមាន សុខភាពល្អ ជីវិតអមតៈដូចពាក្យចចាមអារាមនោះឡើយ ប៉ុន្តែបើយើងគិតពីតម្លៃជីវៈចម្រុះប្រព័ន្ធអេកូឡូស៊ី សត្វព្រៃមួយក្បាលៗពិតជាមានតម្លៃដ៏មហាធំធេងមិនអាចគណនាជាប្រាក់បានឡើយ ហើយសត្វព្រៃទាំងនេះ ក៏ជាប្រភពថវិកាមិនចេះរីងស្ងួតពីចំណូលលើវិស័យទេសចរណ៍ផងដែរ។ 

សាច់សត្វព្រៃដែលបងប្អូនខ្លះហូប បានត្រឹមឆ្អែតមួយបប្រិចភ្នែកប៉ុណ្ណោះ តែវាពិតជាខាតបង់ច្រើនសម្រាប់ជីវៈចម្រុះភពផែនដីរបស់យើង។ ប្រសិនបើសត្វមួយក្បាលដែលអ្នកសម្លាប់ នៅរស់ វានឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីយើងកាន់តែល្អប្រសើរ កម្ពុជាសម្បូណ៌ជីវៈចម្រុះ និងអាចទាញចំណូលបានច្រើនជាងតម្លៃសាច់សត្វដែលអ្នកបានលក់វានៅលើទីផ្សារ។ 

សត្វព្រៃជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា ការចូលរួមថែរក្សា ការពារនិងអភិរក្សឱ្យបានគង់វង្ស ជាកាតព្វកិច្ចរបស់យើងទាំងអស់ គ្នា។ ដូច្នេះ សូមនិយាយថាទេចំពោះសាច់សត្វព្រៃ និងរាយការណ៍បន្ទាន់មកក្រុមការងារតាមរយៈលេខទូរស័ព្ទ ០១២ ៥០០ ០៩៤ ។

សូមចូលរួមទាំងអស់គ្នាជាមួយក្រសួងបរិស្ថាន រដ្ឋបាលខេត្ត និងអង្គការដៃគូក្នុងយុទ្ធនាការអន្ទាក់សូន្យដែលធ្វើឡើងរយៈពេល ៦ ខែពីខែមីនា ដល់ខែតុលា ឆ្នាំ២០២២ នេះ ហើយយុទ្ធនាការនៅតាមខេត្តដំបូងគេក្រោយការប្រកាសបើកកាលពីថ្ងៃទី៣ ខែមីនា កនក្លងទៅ គឺនៅខេត្តស្ទឹងត្រែង ដែលគ្រោងនឹងធ្វើនៅថ្ងៃទី៧ ខែមេសាខាងមុខ!៕

ដោយ​៖សហការី​


ចែករំលែក៖