ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញមិនមានអនុលោមភាពប្រមាណ ៤៤គីឡូក្រាម ត្រូវបានមន្ត្រី ក.ប.ប. បន្តដកហូតពីទីផ្សារ​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងថា​៖​ មន្ត្រីស៊ើបអង្កេត ក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ បន្តនិរន្តរភាពនៃកិច្ចការពារសុខុមាលភាពប្រជាពលរដ្ឋ ដោយបានចុះប្រតិបត្តិការត្រួតពិនិត្យទំនិញឧបភោគបរិភោគ ទំនិញវេចខ្ចប់ស្រេចនានា ដើម្បីស្វែងរកនិងដកហូតទំនិញពុំមានប្រក្រតីភាព ទំនិញខូចគុណភាព មានវត្តមានសារធាតុគីមី ដកចេញពីទីផ្សារនានា ដែលស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ 

ក្នុងប្រតិបត្តិការនាថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០២២ មន្ត្រីជំនាញ​ បានធ្វើតេស្តបឋមស្វែងរកសារធាតុគីមីលើប្រភេទបន្លែ ត្រី សាច់ គ្រឿងសមុទ្រ សរុបចំនួន៨គំរូ ដោយជាលទ្ធផលពុំបានរកឃើញមានបញ្ហានោះទេ ដោយឡែកបានរកឃើញនិងដកហូតទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៤៤.៥គីឡូក្រាម និងបានធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករដែលមានចេតនាដាក់តាំងលក់ទំនិញមិនមានអនុលោមភាពផងដែរ។

ជាមួយគ្នានោះ​ ដើម្បីការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិត ការពារប្រយោជន៍អ្នកប្រើប្រាស់ រក្សាសមធម៌ក្នុងទីផ្សារ និងអនុវត្តច្បាប់​ មន្ត្រី ក.ប.ប. បន្តនាំយកឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch) ធ្វើអធិការកិច្ចលើអនុលោមភាពក្នុងអាជីវកម្មប្រេងឥន្ធនៈ។ 

ជាក់ស្ដែង​ចាប់ពីថ្ងៃទី២ និងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ បានឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន៣ តាមរយៈប្រតិបត្តិការត្រួតពិនិត្យតាមបណ្តាស្ថានីយ ដេប៉ូប្រេងឥន្ធនៈនានាស្ថិតក្នុងស្រុកបរិបូរណ៏និងស្រុកទឹកផុស និងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមន្ត្រីយើងបានត្រួតពិនិត្យសរុបចំនួន ១២ស្ថានីយ ដេប៉ូ។ 

ទន្ទឹមនឹងការរកឃើញភាពមិនអនុលោម ដែលអាជីវករមានចេតនាកេងចំណេញពីប្រជាពលរដ្ឋ មន្ត្រីជំនាញបានចាត់វិធានការពិន័យអន្តរការណ៍សម្រាប់បទល្មើសលើកទីមួយលើម្ចាស់ដេប៉ូទាំងនោះ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់៕

ដោយ​៖សហការី​


ចែករំលែក៖