ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកអនឡាញកាស៊ីណូម៉ុកបាយម្នាក់ស្លាប់ផ្អើលទាំងព្រឹកសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកពីសំណាក់បុគ្គលិកក្រុមហ៊ុនកាស៊ីណូម៉ុកបាយដែលរួមការងារជាមួយគ្នាខណៈបុរសម្នាក់បានដេកដួលហើយបានប្រញាប់ប្រញាល់ជួយសង្គ្រោះដោយដឹកតាមរថយន្តសង្រ្គោះបន្ទាន់ផាសុកភាពបាវិតយកទៅសង្គ្រោះ តែពេលបញ្ជួនទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅកាស៊ីណូម៉ុកបាយក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត  ក្រុងបាវិត។

   យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា  បុរសខាងលើមានឈ្មោះ ម៉ាយ ឌឹកហោវ (MAI DUC HAU) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញកាស៊ីណូម៉ុកបាយ កាន់លិខិតឆ្លងដែនលេខ K0137500 មានទីលំនៅនៅខេត្តប៊ិញឌិញ ប្រទេសវៀតណាម។  ប្រភពបន្តថា មានសេចក្ដីរាយការណ៍មកថា មានបុគ្គលិកក្រុមហ៊ុនកាស៊ីណូម៉ុកបាយម្នាក់ស្លាប់នៅលើរថយន្តសង្រ្គោះបន្ទាន់ផាសុកភាពបាវិតពេលដឹកបញ្ជួនទៅមន្ទីរពេទ្យ ។

   ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យបង្អែកជីភូបានទៅដល់កន្លែងកើតហេតុ ដឹកនាំដោយលោក កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀង និងមានការសម្របសម្រួលពីលោក ឈឺវ អ៉ិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការពិនិត្យលើខ្លួនសាកសពឈ្មោះ ម៉ាយ ឌឹកហោវ ពុំឃើញមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មអ្វីឡើយគឺជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងបណ្តាលមកពីជំងឺខ្យល់គរប្រាកដមែន។

   ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានបញ្ជួនបន្តទៅនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ(វត្តស្ទឹងមានជ័យ)ដើម្បីរង់ចាំក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន


ចែករំលែក៖