ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះបរមនាមជាព្រះប្រធានកត្តិយស នៃកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខនៃការរស់នៅរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ និងគោរពតាមព្រះរាជតម្រិៈដ៏ខ្ពង់ខ្ពស់នៃ អង្គសម្តេចព្រះវររាជបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតម្កល់នូវសុខមាលភាពនៃការរស់នៅរបស់ប្រជានុរាស្រ្តជាសំខាន់ និងបានសម្រួលការលំបាកដល់ប្រជានុរាស្រ្តជួបការលំបាកទូទាំងព្រះរាជាណាចក្រក្រោមរូបភាពផ្សេងៗ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ១០មុឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាកាកបាទក្រហម ៨ ឧសភា ២០២២ ដើម្បីចូលរួមចំណែក និងជាព្រះរាជគំរូដ៏ថ្លៃថ្លាក្នុងការជួយសម្រាលទុក្ខលំបាកប្រជានុរាស្រ្តកម្ពុជា៕
ដោយ ៖ សិលា