ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនពេកជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតដែលកំពុងចតផ្លាស់ប្តូរកង់នៅអែបចិញ្ចើមផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ  ពណ៌ស ពាក់ស្លាកលេខកំពង់ចាម2A-1393 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុបានឈប់រថយន្តអែបទៅចិញ្ចើមផ្លូវដើម្បីផ្លាស់ប្តូរកង់ដែលបែក ស្រាប់តែរំពេចនោះមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ SANTAFE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BC-1028 បើកបរដោយបុរសម្នាក់រួមដំណើរដោយស្រ្តីម្នាក់ទៀតធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តកូរ៉េដែលចតស្ងៀមពីក្រោយពេញទំហឹងបណ្តាលឱ្យរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖