ព័ត៌មានទាន់ហេតុការណ៍៖

ដុតទៀនបំភ្លឺដើម្បីរៀន រហូតដេកលក់ ទៀនឆាបឆេះពូកបណ្តាលឱ្យឆេះផ្ទះអស់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ករណីនៃអគ្គីភ័យមួយបណ្ដាមកពីដុតភ្លើងទៀនហើយឆាបឆេះផ្ទះប្រក់ក្បឿង១ខ្នងទាំងស្រុង។ ដោយសារអគ្គិភ័យនេះឆេះនៅពេលយប់ហើយរថយន្តសង្គ្រោះនៅឆ្ងាយផងទើបបណ្ដាលឱ្យផ្ទះមួយខ្នងនេះត្រូវឆេះទាំងស្រុងដោយមិនអាចជួយសង្គ្រោះបានឡើយ។ យ៉ាងណាក៏ដោយនៅថ្ងៃទី៦ ខែមេសាឆ្នាំ២០២២នេះអាជ្ញាធរបានចុះទៅជួយផ្ដល់សម្ភារសង្គ្រោះបន្ទាន់មួយចំនួនហើយដែរ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២២ ចំណុច ភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបណ្ដាលឱ្យផ្ទះ១ខ្នងត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង។ សមត្ថកិច្ចឲ្យដឹងថា ករណីអគ្គិភ័យបានឆាបឆេះផ្ទះឈើ ប្រក់ក្បឿង១ខ្នងដែលមាន ទទឹង ៨ ម៉ែត្រនិង បណ្ដោយ១២ ម៉ែត្រ ។ ម្ចាស់ផ្ទះមានឈ្មោះ ក្រើក ប៊ុនធាន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ គ្រូបង្រៀន ជនជាតិ ស្ទៀងនិងប្រពន្ធ ឈ្មោះ អៀង សុផល្លី អាយុ ៣៤ ឆ្នាំមុខរបរ កសិករ ជនជាតិស្ទៀង និងកូនៗ៤នាក់ (ស្រី០២នាក់) នៅក្នុងបន្ទុក។ 

មន្ត្រីនគរបាលស្រុកកែវសីមាអះអាងថា ដោយសារភ្លើងឆេះលឿនពេកនិងស្ថានភាពផ្លូវឆ្ងាយលំបាកផងទើបរថយន្តសង្គ្រោះបន្ទាន់នៅអធិការរដ្ឋាននគរបាលស្រុកកែវសីមាចេញទើបតែបានបន្តិចក៏ស្រាប់តែគេរាយការណ៍ថាផ្ទះនោះត្រូវភ្លើងឆេះអស់ទៅហើយ ដោយសមត្ថកិច្ចមិនអាចអន្តរាគមន៍ទាន់ពេលវេលានោះទេ។ដូច្នេះអាជ្ញាធរអំពាវនាវប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់អំពីបញ្ហាភ្លើងដែលអាចនឹងក្លាយជាអគ្គិភ័យនេះផង។

បើតាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងអំពីមូលហេតុបណ្ដាលឱ្យឆេះផ្ទះ គឺកូនដុតទៀនបំភ្លឺដើម្បីរៀន ហើយក៏ដេកលក់បណ្ដាលអោយភ្លើង ទៀនឆាបឆេះដល់ពូក រហូតដល់ឆេះផ្ទះទាំងស្រុងតែម្ដង។ យ៉ាង ណាក៏ដោយហេតុការណ៍ភ្លើងឆេះផ្ទះខាងលើបណ្ដាលអោយមានការខូតខាត របស់របរប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួន តែពុំមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ៕

ដោយ៖ សូរិយា


ចែករំលែក៖