ព័ត៌មានទាន់ហេតុការណ៍៖

រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “

ចែករំលែក៖

វាចាអ្នកនិពន្ធ÷ ៤៧ ឆ្នាំបានកន្លងផុតទៅក៏ពិតមែន ប៉ុន្តែ ៤៧ ឆ្នាំមកនេះ មិនបានជីកកប់ប្រវត្តិសាស្ត្រដ៏ជូរចត់សម្រាប់ប្រទេសកម្ពុជានោះទេ ។ ថ្ងៃ ១៧ មេសាឆ្នាំ ១៩៧៥ ជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាពលរដ្ឋខ្មែរចងចាំមិនភ្លេចនូវសោកនាដកម្មជូរចត់ដែលរបបប្រល័យពូជសាសន៍បានមកគ្របដណ្ដប់កម្ពុជាដែលធ្លាប់តែសុខសាន្តធ្វើឲ្យប្រទេសតូចដ៏អភ័ព្វមួយនេះក្លាយជាផែះផង់។

  ដើម្បីរំលឹកដល់ភាពឈឺចាប់ថ្ងៃ ១៧ មេសា ១៩៧៥ (ខួប៤៧ឆ្នាំ) ដែលខិតជិតមកដល់នៅពេលឆាប់ៗខាងមុខនេះ យើងសូមលើកស្នាដៃនិពន្ធប្រវត្តិពិតមួយក្នុងចំណោមរឿងពិតឬជាសាក្សីជាច្រើនទៀតនៅកម្ពុជាដែលអ្នកនិពន្ធបានសរសេរចងក្រងសម្រាប់ប្រលងប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធរឿងខ្លីពានរង្វាន់អក្សរសិល្ប៍ស្លឹករឹតលើកទី១ ឆ្នាំ ២០២០ បន្ទាប់ពីអ្នកនិពន្ធបានឆ្លងកាត់និងឃើញផ្ទាល់ភ្នែក ក្នុងសម័យកាលនោះ គឺរឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង” ។

  រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង” ត្រូវបានអ្នកនិពន្ធឧទ្ទិសស្នាដៃនេះជូនចំពោះជនរួមជាតិជាពិសេសស្ត្រីនិងកុមារដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត យ៉ាងអយុត្តិធម៌បំផុត។ ក៏សូមបងសួងដល់ដួងវិញ្ញាណក្ខន្ធវីរបុរសនិងប្រជាជនខ្មែរដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ សូមទទួលនូវបរមសុខកុំបីខាន ។

(ជ.ស.រ)

  សូមតាមដាននិងទទួលអារម្មណ៍ស្នាដៃ រឿង” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង” ដូចតទៅ÷

  ស្បៃរាត្រីថ្ងៃទី ១៦ ខែមេសាឆ្នាំ ១៩៧៥ បានគ្របដណ្តប់លើមាតុភូមិកម្ពុជាដ៏អភ័ព្វដែលពោរពេញដោយភ្នក់ភ្លើងសង្រ្គាមគ្រប់ទិសទីឲ្យស្ថិតក្នុងភាពងងឹតស្លុប។ ភ្នក់ភ្លើងសង្រ្គាមដែលកំពុងឆេះរោលកម្ពុជាដោយមានផ្សែងហុយខ្មួលខ្មាញ់ទៅលើអាកាស បង្អួតពិភពលោកនាពេលនេះថា កើតឡើងដោយសារខ្មែរនិងខ្មែរចេះតែលាបពណ៌គ្នា មានពណ៌ក្រហម ខៀវ ស ខ្មៅ ដែលបញ្ជាក់ថា ពួកគេសុទ្ធតែចង់បានម្នាក់មនោគមវិជ្ជានៃលទ្ធិដែលខ្លួនចង់បានរៀងៗខ្លួន និងជាពិសេសទៅអ្វីដែលគេហៅថា ចង់យកឈ្នះ ចាញ់ដើម្បីអំណាច។

  សម្រាប់ក្រុងភ្នំពេញក៏ដូចជានៅតាមបណ្ដាខេត្តនានា នៅរាត្រីថ្ងៃទី ១៦ ខែមេសាឆ្នាំ ១៩៧៥ គឺជាថ្ងៃដែលមិនទាន់បញ្ចប់កម្មវិធីចូលឆ្នាំប្រទេសប្រពៃណីខ្មែរនៅឡើយ។ ចំហាយចូលឆ្នាំខ្មែរនាពេលនេះបានបន្លឺនូវសំឡេង សប្បាយហ៊ោកញ្ជ្រៀវ របស់ប្រជាពលរដ្ឋក្នុងស្រទាប់យុវវ័យលាយឡំនឹងសំឡេងចាក់កាសែ្សតម៉ាញ៉េលាន់ឮទ្រហឹងពីដើមភូមិដល់ចុងភូមិនូវបទចម្រៀងរាំវង់ សារ៉ាវ៉ាន់ឡាំលាវ និងបទញ័រញាក់កន្ត្រាក់អារម្មណ៍គួបផ្សំនឹងការលើកដៃលើកជើងរាំពត់ពេនតាមចង្វាក់ភ្លេងរបស់អ្នកសប្បាយផងនោះ ធ្វើឲ្យបរិយាកាសពេលនេះប្រៀបបាននៅឋានសួគ៌ា។

  ការពិតទៅ នៅក្រុងភ្នំពេញក្នុងអំឡុងឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ក្រោមការគ្រប់គ្រងនៃរបបសាធារណរដ្ឋខ្មែរ ដែលមានលោកសេនាប្រមុខ លន់ នល់ ជាប្រធានាធិបតី ហើយរបបនេះមានជំហរស្និតនិងសហរដ្ឋអាមេ៉រិក(អាមេរិក) ក្រុងភ្នំពេញប្រៀបបានដូចជាកោះមួយដែលមានផ្ទៃដីតូចតែមានប្រជាពលរដ្ឋខ្មែរជាង៣ លាននាក់ រស់នៅយ៉ាងណែនណាន់តាន់តាប់ក្នុងចំណោមប្រជាជនជាង ៧ លាននាក់ទូទាំងប្រទេស ព្រោះតែប្រជាជននៅតាមភូមិ ឃុំ ស្រុកខេត្តនានា ត្រូវកងទ័ពរំដោះរបស់ខ្មែរក្រហមគ្រប់គ្រងទាំងស្រុងហើយប្រជាជនភាគច្រើនបានមកប្រមូលផ្ដុំគ្នារស់នៅក្រុងភ្នំពេញមូលដូចត្រីនៅក្នុងអន្លង់។ ទាំងនេះពិតជាធ្វើឲ្យមានភាពអស្ចារ្យណាស់ក្នុងពិភពលោកដោយសារកម្ពុជាធ្លាប់តែមានសុខសន្តិភាព បែរជាមានសង្រ្គាមហែកហួរគ្នា ធ្វើឲ្យប្រជាជនពលីជីវិតមិនស្ទើរពីមួយថ្ងៃទៅមួយថ្ងៃនិងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិរបស់កម្ពុជាធ្លាក់ដល់ជិតកម្រិតសូន្យ។ ការរស់នៅរបស់ប្រជាជនទៀតសោតក៏ពឹងផ្អែកតែលើជំនួយពីសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ (នៅមានត)

( ពិនិត្យស្រាវជ្រាវដោយ÷ចៅតាជេត)


ចែករំលែក៖