ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ បានចុះអនុវត្តដីកាបង្កកទ្រព្យសម្បត្តិ របស់ឈ្មួញដែលរកស៊ីកែច្នៃសំណាកសត្វព្រៃដោយល្មើសច្បាប់ម្នាក់ នៅចំណុចផ្ទះលេខ៣៨ ផ្លូវលេខ១១B ភូមិកណ្ដាល សង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនឈ្មួញកែច្នៃសំណាកសត្វព្រៃរូបនេះ រួចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ សាកសួររហូតបញ្ចប់នីតិវិធី និងចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្នកាលពីពេលកន្លងទៅថ្មីៗនេះ។
គួររម្លឹកថា យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្រោយពីធ្វើការស្រាវជ្រាវ រកឃើញបទល្មើស កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បានចុះទៅ ធ្វើការឆែកឆេរផ្ទះខាងលើ និងបានធ្វើការឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ឈ្មោះឡា សេងងួន អាយុ៤២ឆ្នាំ ដែលជាឈ្មួញធ្វើពាណិជ្ជកម្ម សន្និធិ កែច្នៃសំណាក សត្វព្រៃក្នុងក្រុមកម្រនិងជិតផុតពូជ។ ចំណែកអ្នកពាក់ព័ន្ធ៣នាក់ទៀតកំពុងគេចខ្លួនដែលក្នុងនោះទី១,ម្ចាស់គណនីធនាគារឈ្មោះSok Theara ស្នាក់នៅផ្ទះ សិប្បកម្មឈើម្ដុំហ្គ្រែនភ្នំពេញ ជិះរថយន្តម៉ាកហ្វ័ត ស៊េរីឆ្នាំ២០១២ពណ៍ស ពាក់ស្លាកលេខ0449 ទី២, ម្ចាស់គណនីធនាគារឈ្មោះលី ហេងហួរ ស្នាក់នៅ ម្ដុំក្រោយវត្តនិរោធន៍ និងមានតូបលក់ដូអីវ៉ាន់ឈ្មោះម៉ែអាម៉ី តូបលេខ២ ផ្សារទួលទំពូង ដែលមានភ្លុកដំរីសម្រាប់លក់ឲ្យម៉ូយនិង ទី៣, ម្ចាស់គណនីធនាគារឈ្មោះសី ហួរ ។
លុះដល់ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ ខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញរួមជាមួយកម្លាំងចម្រុះពាក់ព័ន្ធផ្សេងទៀតដឹកនាំដោយលោកហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើបានចុះ ទៅអនុវត្តដីកាបង្កកទ្រព្យសម្បត្តលេខ៤០ អ ដ ប ទ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កទ្រព្យសម្បត្តិរបស់ ឈ្មោះឡា សេងងួន នោះដែលក្នុងនោះរួមមានផ្ទះនិងសម្ភារៈផ្សេងៗទៀត ហាមមិនឲ្យលក់ដូរ ផ្ទេរកម្មសិទ្ធិ ជួល បញ្ចាំ និងធ្វើអំណោយផ្សេងៗ រហូតមានដីកាសម្រេចថ្មីពីសាលាដំបូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ យោងតាមការស្រាវជ្រាវផ្ទះខាងលើ គឺបានមកពីផលធ្វើ ពាណិជ្ជកម្ម សន្និធិ កែច្នៃសំណាកសត្វព្រៃក្នុងក្រុមកម្រនិងជិតផុតពូជ ដែលសមត្ថកិច្ចរកឃើញថាធ្វើឡើងកាលពីអំឡុងចុងឆ្នាំ២០១៩ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ បទល្មើសនេះមានចែងតាមមាត្រា៩៦ កថាខណ្ឌ១ ចំណុចទី១៧ និងចំណុចទី១៩ មាត្រា៩៨ កថាខណ្ឌ១ ចំណុចទី១២ នៃច្បាប់ស្ដីពីព្រៃឈើ ។និងមាត្រា២៩ថ្មី១នៃច្បាប់វិសោធនកម្ម មាត្រ៣ មាត្រ២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខនស/រកម/០៦១/០០៦ ចុះថ្ងៃទីចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣៕
ដោយ៖សហការី