ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបទទួលស្គាល់ថា ប្រាក់រូប្លិ៍របស់រុស្ស៊ីអាចទប់ទល់ជាមួយការដាក់ទណ្ឌកម្មពីលោកខាងលិច

ចែករំលែក៖

តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុប លោក Josep Borrell នៅថ្ងៃទី៥ខែមេសា បានទទួលស្គាល់ថា ប្រាក់រូប្លិ៍របស់រុស្ស៊ីកំពុងតែមានឥទ្ធិពលឡើងវិញ បើទោះបីទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។
លោក Josep Borrell បានបញ្ជាក់ថា «ប្រាក់រូប្លិ៍មានសមត្ថភាពទប់ទល់ជាមួយការដាកទណ្ឌកម្មបាន។ បច្ចុប្បន្នលោកពូទីនបានស្នើដល់បណ្តាប្រទេសមិនមានភាពជិតស្និទ្ធជាមួយរុស្សុីត្រូវទូទាត់តម្លៃឧស្ម័នដោយប្រាក់រូប្លិ៍ ។ យើងនឹងរង់ចាំមើលអ្វីនឹងកើតឡើងជាបន្តទៀត»។
នៅក្នុងសេចក្តីប្រកាសខាងលើកើតឡើងក្រោយពេលដែលប្រាក់រូប្លិ៍រុស្ស៊ីបានឡើងថ្លៃវិញចាប់តាំងពីធ្លាក់ចុះខ្លាំង ពេលរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន បើទោះបីរងការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិចក្តី ។
កន្លងមកនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានប្រកាសថា ការរីកចម្រើនប្រាក់រូប្លិ៍ គឺជាភស្តុតាងបានបង្ហាញឱ្យឃើញថា ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចទៅលើរុស្ស៊ីមិនមានប្រសិទ្ធភាពនោះឡើយ។ លោកបន្តទៀតថា ប្រាក់រូប្លិ៍របស់រុស្ស៊ីមិនត្រឹមតែមិនរងផលប៉ះពាល់នោះឡើយ ថែមទាំងធ្វើឱ្យប្រាក់រុស្ស៊ីកាន់តែមានឥទ្ធិពលជាងមុន៕

រូបថត​ ៖ Getty

ដោយ៖ ធីរីណា(រូបថត​ ៖ Reuters)


ចែករំលែក៖