ខេត្តកណ្តាល ៖ អភិបាលខេត្តកណ្តាលគង់ សោភណ្ឌ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីជូនដំណឹងលើកទី២ លេខ៣៣៧ សជណ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ស្តីពីការអនុវត្តរុះរើសំណង់មិនរៀបរយ នៅលើទំនប់ប្រឡាយ៩២ ដែលសង់រំលោភលើដីប្រឡាយសាធារណៈ និងរំលោភលើដីកម្មសិទ្ធិឯកជន ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងសម្រប សម្រួល រកដំណោះស្រាយ ជូនប្រជាពលរដ្ឋនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកិច្ចប្រជុំ បានអបអរសាទរ និងបានសម្តែងនូវសេចក្តីត្រេកអរជាខ្លាំង ចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តកណ្តាល ដែលបានដាក់ចេញនូវគោលការណ៍ ៣ចំណុច រួមមាន៖ ទី១-គោរពអនុវត្តតាមសាលដីកា លេខ ០៦៧រប/២២ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល។ទី២-សម្របសម្រួលដោះស្រាយប្រគល់ទីតាំងដីជូនប្រជាពលរដ្ឋ ដែលបានចូលរួមកិច្ចប្រជុំ និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃ។ ទី៣-ប្រជាពលរដ្ឋដែលមិនបានចូលរួមកិច្ចប្រជុំនៅថ្ងៃនេះ រដ្ឋបាលខេត្តនឹងពិនិត្យដោះស្រាយជូននៅពេលក្រោយ។
ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីលោកអភិបាល រងខេត្ត,លោកអភិបាល_អភិបាលរងស្រុក មន្រ្តីជុំនាញ មន្ត្រីពាក់ព័ន្ធ និង ប្រជាពលរដ្ឋជាច្រើនរូបទៀត ៕
ដោយ៖ សូរិយា