ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះបង្ក្រាបទីតាំងអុីនធើណេត មួយកន្លែងបង្កប់ល្បែងស៉ីសងខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ក្រោយមានការសំណូមពរ និងរាយការណ៍ពីពលរដ្ឋ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានចាត់ឲ្យ លោក ស៊ូ​ សារ៉ាត់​ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ​ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះបង្ក្រាបទីតាំងល្បែងហ្គេមអនឡាញ(ណេត) យីហោ MS ដែលលបលួចបើកល្បែងស៊ីសងខុសច្បាប់ដកហូតវត្ថុតាងមួយចំនួន។

ការបង្រ្កាបនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ដោយទទួលបាននូវការបញ្ជាផ្ទាល់ពី លោក ឯក ឃុនដឿន អភិបាលនៃគណៈភិបាលខណ្ឌប្ញស្សីកែវ បានចាត់ឲ្យ លោក ស៊ូ​ សារ៉ាត់​ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ​ ដឹកនាំក្រុមការងារចម្រុះខណ្ឌចុះពិនិត្យ​និងបង្ក្រាបទីតាំងល្បែងហ្គេមអនឡាញ(ណេត)ខុសច្បាប់មួយទីតាំងស្ថិតនៅផ្ទះលេខ២៥៣ យីហោ MS Net ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។ 

តាមមន្រ្តីជំនាញបានឲ្យដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាបទីតាំងលបលួចបើកល្បែងស៊ីសងខុសច្បាប់ ដោយមានការសំណូមពរនិងរាយការណ៍យ៉ាងច្បាស់ពីពលរដ្ឋ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានដាក់កម្លាំងចុះឆ្មក់បង្ក្រាបជាក់ស្ដែងតែម្ដង។

ជាលទ្ធផលក្នុងការបង្រ្កាបនេះអាជ្ញាធរបានរឹបអូសសម្ភារមួយចំនួនដូចជា កុំព្យូទ័រ ចំនួន៣គ្រឿង​ ម៉ូនីទ័រចំនួន៤​ គ្រឿង​ ទូរទស្សន៍ចំនួន ១គ្រឿង ។

ចំពោះសម្ភារត្រូវបានកម្លាំងអាជ្ញាធរបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋានគរបាល ខណ្ឌប្ញស្សីកែវ​។

ដោយឡែកទីតាំងខាងលើអាជ្ញាធរសម្រេចបិទជាស្ថាពរផងដែរ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖