ព័ត៌មានទាន់ហេតុការណ៍៖

ព្រំ ម៉ាញជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៥នាក់បានរងរបួសធ្ងន់និងស្រាលក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាកាលពីវេលាម៉ោង២១៖១៥នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវក្រាលកៅស៊ូ ក្នុងភូមិស្រីជ័យ ឃុំបឹងត្រាញ់ខាងត្បូងស្រុកសំរោង ខេត្តតាកែវ ក្នុងទិសដៅបញ្រ្ចាសគ្នា។

    សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ព្រំ ម៉ាញ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិបឹងត្រាញ់ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោងខេត្តតាកែវ(របួសធ្ងន់)ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន បានធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១១ ជិះគ្នា៤នាក់ បើកបរដោយឈ្មោះមូល សំអឿន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិខ្នារុង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោងខេត្តតាកែវ(របួសធ្ងន់) អ្នករួមដំណើរឈ្មោះ១-ឈ្មោះ នាង ម៉ាន់រ៉ាឆេន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស(របួសធ្ងន់), ២-ឈ្មោះនាង ម៉ាណែត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស(របួសស្រាល), ៣-ឈ្មោះនាង មុនី ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស(របួសធ្ងន់)ត្រូវជាកូនអ្នកបើកបរម៉ូតូរស់នៅភូមិឃុំជាមួយគ្នា។  អ្នករងរបួសទាំង៤នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន។ 

   សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្តាលមកពីម៉ូតូហុងដាឌ្រីម សេ១២៥ គ្មានស្លាកលេខបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ 

    ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ធ្វើការត្រួតពិនិត្យនិងវាស់វែងហើយបានយកវត្ថុតាងម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ 

ដោយ៖ ស សម


ចែករំលែក៖