ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរទេសចរណ៍ណែនាំប្រជាសហគមន៍សូមលក់ចំណីអាហារកុំតម្លើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង

ចែករំលែក៖

         ខេត្តស្ទឹងត្រែង ៖ មន្ទីរទេសចរណ៍ខេត្តបានលើកទឹកចិត្ត គ្រប់ប្រជាសហគមន៍អេកូទេសចរណ៍ ត្រូវនាំគ្នារៀនកែច្នៃ វត្ថុអនុស្សាវរីយ៍  និងផលិកសិកម្ម សម្រាប់លក់ដូរយកប្រាក់ចំណូល  តែសូមកុំលក់តម្លើងថ្លៃដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះ។  

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចអន្លង់ឈើទាល ភូមិក្រឡាពាស ឃុំព្រះរំគិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានណែនាំទៅប្រជាសហគមន៍ នាំគ្នាលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក  តាមរយៈការលក់ដូរ ចំណីអាហារមិនតម្លើងថ្លៃ ហួសហេតុក្នុងឱ្យកាសមានបុណ្យទានម្តងៗ ជាងពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងខាងមុខនេះ។

លោកបន្តថា: ការអនុវត្តបានល្អទៅតាមគោលការណ៍  ជាចំណែកមួយយ៉ាងសំខាន់ដើម្បីយើងបានជំរុញ ទៅដល់ការលើកកម្ពស់ផលិតផលដែលយើងផលិតបានផងដែរ។ គឺរាល់ផលិតផលទេសចរណ៍ដែលបងប្អូនយើងនាំមកលក់គឺ សម្រាប់បម្រើឱ្យភ្ញៀវទេសចរណ៍ក្នុងតំបន់នេះ  ជាផលិតផលក្នុងស្រុករបស់យើង  ផលិតផលបានពីផលិតផលកសិកម្ម   ដូចជាដំណាំហូបផ្លែ ត្រីសាច់និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ  ដែលអាចប្រែក្លាយជាវត្ថុអនុស្សាវរីយ៍ទេសចរណ៍ តាមការកែច្នៃវត្ថុធាតុដើម នៅក្នុងតំបន់នេះ ត្រូវតែរៀបចំជំរុញធ្វើម៉េចប្រើប្រាស់នូវវត្ថុធាតុដើម  នៅក្នុងតំបន់ឱ្យបានច្រើនជាង  ហើយយើងត្រូវធ្វើកិច្ចការងារជាមួយគ្នាបន្តទៀត ជាមួយនិងអង្គភាពពាក់ព័ន្ធមួយចំនួន ដែលត្រូវជម្រុញឲ្យរួមគ្នាធ្វើការដែលជាផលិតផលក្នុងស្រុក។

កញ្ញាសៃ ម៉ី អ្នកលក់ដូរនៅរមណីដ្ឋានទេសចរណ៍បានបញ្ជាក់ថា: ភ្ញៀវទេសចរណ៍បច្ចុប្បន្នមិននិយមទិញវត្ថុអនុស្សាវរិយ៍ និងសម្លៀកបំពាក់ទេ គឺពួកគាត់ភាគច្រើនទិញចំណីរអាហារប្លែកៗ និងផលិតផលដែលផលិតឡើងពីធម្មជាតិ ព្រោះពួកគាត់គិតពីសុខភាពជារឿងសំខាន់។

កញ្ញាបន្តថា: នៅពេលមានបុណ្យទាន ប្រជាសហគមន៍បានធ្វើនំចំណី យកមកលក់ដូរច្រើនគ្នា និងខ្លះទៀតបានកែច្នៃវត្ថុអនុស្សាវរីយ៍  និងមួយចំនួននាំចូលពីប្រទេសជិតខាង។

ចំណែកកញ្ញា ថង បាង បានទទួលស្គាល់ថា: ទំនិញដែលនាំចូលនៅតំបន់នេះ មានតែស្រាបៀរឡាវទេ និងវត្ថុអនុស្សវរីយ៍មួយចំនួន  ភ្ញៀវទេសចរបាននិយមចូលចិត្តទិញ យកទៅបរិភោគនិងប្រើប្រាស់ផងដែរ។ 

កញ្ញាបន្តថា: ពួកគាត់និងប្រឹងប្រែងនាំគ្នាកែច្នៃផលកសិកម្ម យកមកលក់នៅតំបន់ទេសចរណ៍ដើម្បីរកប្រាក់ដោះស្រាយជីវភាព  និងបានរួមគ្នាលើកស្ទួយវិស័យទេសចរណ៍ ដើម្បីថែរក្សាសហគមន៍អេកូទេសចរណ៍នេះកុំឱ្យបាត់បង់ ទោះបីសត្វផ្សោតបានស្លាប់អស់ទៅហើយក៏ដោយ។   

សូមបញ្ជាក់ថា: នៅខេត្តស្ទឹងត្រែងមានសហគមន៍អេកូទេសចរណ៍ មានចំនួនបីកន្លែងតែប៉ុណ្ណោះ ដែលកំពុងដំណើរការបំរើភ្ញៀវទេសចរណ៍ជាអចិន្ត្រៃយ៍  ក្នុងនោះមាន  សហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាល សហគមន៍អេគូទេសចរណ៍ស្រុកសៀមបូក -អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល -និងភ្នំជម្រកសត្វឆ្វាំង នៅក្នុងស្រុកថាឡាបរិវ៉ាត់។

ដោយ៖ មាស សុផាត


ចែករំលែក៖