ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ ៖ ពិភពលោក ហាក់កំពុងដើរត្រឡប់ទៅរកដានចាស់ លើទំនាស់ថ្មី! តើអ្វីដែលកំពុងកើតឡើង?

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) លោក ហ៊ុយ វណ្ណៈ បានបង្ហោះលើ facebook ផ្លូវការ របស់លោកយ៉ាងដូច្នេះថា, ពិភពលោក ហាក់កំពុងដើរត្រឡប់ទៅរកដានចាស់ លើទំនាស់ថ្មី! តើអ្វីដែលកំពុងកើតឡើង?

• សង្គ្រាមត្រជាក់និងសព្វាវុធ គឺ៖ អាមេរិក-រុស្ស៊ី

• ទំនាស់ភូមិសាស្ត្រនិងសេដ្ឋកិច្ច គឺ៖ អាមេរិក-ចិន

• ទំនាស់មនោគមន៍វិជ្ជានិងនយោបាយគឺ៖ អាមេរិក-រុស្ស៊ីនិងចិន

* អាមេរិក = បន្តធ្វើបងធំពួកប្រទេសមូលធន

* រុស្ស៊ី = ប្រមូលការដឹកនាំសម្ព័ន្ធភាពចាស់

* ចិននិងឥណ្ឌា = ប្រមូលប្រទេសតតិយលោក និងក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ។

»» ការកត់សំគាល់ក្នុងបរិបទថ្មី គឺលេចឡើងនូវប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន ដូចជា៖ ជប៉ុន កូរ៉េ រុស្ស៊ី ចិន អាមេរិក។ បរិបទថ្មីនេះ ក៏លេចឡើងនូវការសំញែងអាវុធទំនើប រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ។ គេថា បើនុយក្លេអ៊ែរផ្ទុះ គឺនឹងមិនមែនតែ២គ្រាប់ដូចកាលជំនាន់ អាមេរិក បាញ់ដាក់ ជប៉ុន កាលក្នុងសង្គ្រាមលោកលើកទី២នោះទេ តែអាចយ៉ាងតិចផ្ទុះ២០០គ្រាប់។ 

»» តើដំណើរនៃរលកសង្គ្រាមលោក បក់បោកយ៉ាងដូចម្តេច? សង្គ្រាមលោកលើទី១ និងលើកទី២ ផ្ទុះនៅអឺរ៉ុប ចាប់ពីទសវត្សរ៍ឆ្នាំ១៩៤០។ បន្ទាប់មក អឺរ៉ុបនិងអាមេរិក នាំចំហាយសង្គ្រាម មកបំផ្ទុះនៅអាស៊ី ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ឆេះខ្លោចតំបន់ឥណ្ឌូចិន ដែលពេលនោះ កម្ពុជាយើងឆេះខ្លោចខ្លាំងជាងគេ។ រលកសង្គ្រាមដែលរុញដោយ អាមេរិក-អឺរ៉ុប បន្តទៅដុតបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមឈូងសមុទ្រពែក ឆ្នាំ១៩៩៣ សង្គ្រាមនៅ អុីរ៉ាក់ និងអាហ្វហ្គានីស្ថាន ជាដើម។ 

លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា, ឥឡូវ ពិភពលោកផ្ទុះសង្គ្រាមសារជាថ្មីនៅអឺរ៉ុប រវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយជាមួយគ្នា អាមេរិក-ណាតូ ដៃម្ខាងលូកចូលក្នុងជម្លោះនោះ ហើយដៃម្ខាងបង្កបង្កើតកម្លាំងសម្ព័ន្ធមិត្តនៅអាស៊ីអាគ្នេយ៍ ក្នុងយុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីភីច ដើម្បីទប់ការរះឡើងរបស់ ចិន។ 

»» រឿងខ្លះរបស់ពិភពលោក គឺវាជាន់កែងឯង ម្តងគេនិយាយថាត្រូវ «អព្យាក្រិត្យ» ហើយម្តងគេនិយាយថា តុល្យភាពការទូត ហើយដល់តែទីបំផុត នរណាមិនចូលប្លុកខ្លួនគឺជាសត្រូវ។ យុត្តិធម៌ពិភពលោក គឺដូចជារឿងនិទានព្រះឥន្ទស៊ីមាន់ដែរ។ ថ្មីៗនេះ អាមេរិក ប្រកាសថា មីយ៉ាន់ម៉ា ប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ា ហើយក៏មានការទូងស្គរថា រុស្ស៊ី ប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាម។ បើយ៉ាងដូច្នេះ តើសង្គ្រាមវៀតណាម-អាមេរិក និងសង្គ្រាមអាមេរិក-នៅមជ្ឈិមបូព៌ា តើជាអ្វី?

»» ការពិត ពិភពលោក នឹងមិនមានយុត្តិធម៌ជាមួយគ្នាទេ ហើយសណ្តាប់ធ្នាប់ពិភពលោកក៏នឹងបន្តប្រែប្រួលឥតឈប់ឈរនិងស្មុគស្មាញ ដោយមិនអាស្រ័យលើច្បាប់នោះទេ តែអាស្រ័យលើកម្លាំង។ 

»» ខ្ញុំចេះដឹងមិនអស់ទេ តែសូមចងចាំថា៖ «កុំឱ្យប្រព័ន្ធការពារជាតិខាងស្មារតីទន់ជ្រាយ ដែលកើតចេញពីទំនាស់និន្នាការនយោបាយ ការច្រណែន បក្ខពួកនិយម និងផលប្រយោជន៍ ពីព្រោះជាតិ គឺជាជីវិតរួម។ កុំធ្វេសប្រហែសបណ្តោយកម្ពុជា វិលទៅរកឆ្នាំ១៩៧០ឱ្យសោះ ហើយការការពារជាតិ និងកម្ពុជាសន្តិភាព គឺជាអាទិភាព និងជាតួនាទីកាតព្វកិច្ចរបស់ប្រជាជនយើងទាំងអស់គ្នា»៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖