នៅពេលនេះទីក្រុងសៀងហៃប្រទេសចិនបានសម្រេចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់ផ្ទាល់និងប្រយោល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
ទីក្រុងដែលមានពលរដ្ឋច្រើនបំផុតនៅលើពិភពលោកខិតខំទប់ស្កាត់កូវីដ-១៩ ដោយបានប្រមូលកម្លាំងពី ទីក្រុងជិតខាងមកជួយ ក្នុងពេលដែលមានពលរដ្ឋរាប់សិបពាន់នាក់ត្រូវធ្វើចត្តាឡីស័ក។
តាមការលើកឡើងរបស់មន្ត្រីទីក្រុងសៀងហៃបានឱ្យដឹងថា មានពលរដ្ឋប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺមានជាង១៥០ពាន់នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងអ្នកប៉ះពាល់ដោយប្រយោលមានជាង១សែននាក់ក៏ត្រូវតែធ្វើចត្តាឡីស័កដូចគ្នាដែរដើម្បីតាមដានការឆ្លង ។
ការឆ្លងកូវីដ-១៩ កើនឡើងក្នុងទីក្រុងសៀងហៃ បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីត្រូវលុបចោលជើងហោះហើរ។ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) បានប្រកាសនៅថ្ងៃទី៨ខែមេសានេះថា ជើងហោះហើរចំនួន២ រវាងប្រទេសសិង្ហបុរី នឹងទីក្រុងសៀងហៃរបស់ប្រទេសចិន ដែលគ្រោងនឹងចេញដំណើរនៅថ្ងៃទី១១ ខែមេសា ត្រូវបានលុបចោល ដោយសារតែការបិទខ្ទប់។
នៅក្នុងការបង្ហោះសារលើបណ្ដាញសង្គម Facebook ក្រុមហ៊ុនអាកាសចរណ៍ SIA បានបញ្ជាក់ថា ជើងហោះហើរ SQ830 និង SQ833 នឹងមិនអាចចេញដំណើរទេ ដោយសារតែ «វិធានការបិទខ្ទប់នៅទីក្រុងសៀងហៃធ្វើឱ្យមានឧបសគ្គក្នុងការធ្វើប្រតិបត្តិការ។ SIA សូមធ្វើការសុំទោសដោយស្មោះចំពោះអតិថិជនដែលរងផលប៉ះពាល់។ យើងកំពុងទាក់ទងទៅពួកគេដើម្បីផ្តល់ជំនួយចាំបាច់ទាំងអស់ និងដើម្បីកាត់បន្ថយការរអាក់រអួល ដែលបណ្តាលមកពីការរំខាននេះ»៕ ដោយ៖ ធីរីណា
រូបថត ៖ AFP