ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃសៅរ៍ ៨ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែលរីសត បានដឹកនាំគណះប្រតិភូខេត្ត អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នាថ្ងៃខាងមុខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ និងកាត់ខ្សែបូសម្ភោធដាក់ឲ្យប្រើប្រាស់អគារទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ និងបាននាំយកអំណោយរួមមាន ឱសថ សម្ភារ បរិក្ខាពេទ្យ ចែកជូនដល់ដៃកងទ័ព នៃកងពលតូចថ្មើរជើងលេខ៥១ ពិធីនេះប្រព្រឹត្តទៅ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល បានសំដែងនូវមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ដល់ លោក រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែលរីសត គណះប្រតិភូ ដែលតែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីទុក្ខលំបាករបស់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពយើងខ្ញុំទាំងស្មារតី សម្ភារ ថវិកា ដែលសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ អំពីការអាណិតស្រឡាញ់ ការយកចិត្តទុកដាក់ ការរួមសុខ រួមទុក្ខការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ នឹងសមរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយដឹកនាំប្រកបដោយកិតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា។
លោកមេបញ្ជាការកងពល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែលរីសត និងប្រតិភូ ដែលបានយកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពយើងខ្ញុំនាឱកាសនេះ និងសូមជូនពរ លោក អធិបតី គណៈអធិបតី ភ្ញៀវកិត្តិយស ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងជៀសផុសពីជំងឺកូវីដ១៩ ទាំងអស់គ្នា ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ លោក រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែលរីសត បាននាំយកអំណោយ ចែកជូនដល់កងកម្លាំង កងពលតូចថ្មើរជើងលេខ៥១រួមមាន ៖ គ្រឿងឧបភោគ បរិភោគចំនួន១១ មុខ ឱសថ សម្ភារ បរិក្ខាពេទ្យ ចំនួន៤៣មុខ ឃិតចំនួន៣០០និងថវិកាចំនួន ២០,០០០,០០០លានរៀលផងដែរ ៕
ដោយ ៖ សហការី