ភ្នំពេញ៖គណបក្សភ្លើងទៀនដែលបានប្រកួតប្រជែងនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែក្រោយនេះទទួលស្គាល់ថា បេក្ខជនឈរឈ្មោះមួយចំនួនរបស់ខ្លួនមិនចេះអាន,ចេះសរសេរអក្សរខ្មែរមែន។ នេះបើតាមការបញ្ជាក់ពីមន្ត្រីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២នេះ បានទទួលជួបពិភាក្សាការងារមួយចំនួនជាមួយតំណាងគណបក្សភ្លើងទៀន ទាក់ទងនឹងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ដែលនឹងត្រូវធ្វើឡើងនៅដើមខែឧសភាខាងមុខ។
អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យ គ.ជ.ប លោក សោម សូរីដា មានប្រសាសន៍នៅក្រោយកិច្ចប្រជុំនោះថានៅក្នុងជំនួបនោះលោក សុន ឆ័យ បានទទួលស្គាល់ថា ក្រុមការងាររបស់លោក ពិតជាបានដាក់បេក្ខជនខ្លះ មិនចេះអាន មិនចេះសរសេរអក្សរខ្មែរមែន។
លោកអ្នកនាំពាក្យបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងជំនួបនោះលោក សុន ឆ័យ បានទទួលស្គាល់ថា ក្រុមការងារគណបក្សភ្លើងទៀន ពិតជាបានដាក់បេក្ខជនមិនចេះអាន មិនចេះសរសេរអក្សរខ្មែរជាបេក្ខជន និងបានរៀបចំឯកសារផ្សេងទៀត ពាក់ព័ន្ធប្រវត្តិរូបសង្ខេបឈរឈ្មោះជាបេក្ខជន ដោយក្រុមការងារគណបក្សភ្លើងទៀន ហើយពេលខ្លះក្រុមការងារគណបក្សភ្លើងទៀននេះ បានចុះហត្ថលេខាជំនួសក៏មាន»។
ចំណែកលោក សុន ឆ័យ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំនោះថា នៅក្នុងជំនួបនោះ បានលើកឡើងអំពីការលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀនចេញពីបញ្ជី, ការលុបបញ្ជីបេក្ខជនចូលរួមបោះឆ្នោតរបស់គណបក្សភ្លើងទៀន, ការបំភិត បំភ័យសកម្មជនគណបក្ស, ករណីមេប៉ូលិសស្លៀកពាក់ស៊ីវិល ឈរខាងមុខការិយាល័យបោះឆ្នោត, និងបញ្ហាអ្នកសង្កេតការណ៍របស់គណបក្សភ្លើងទៀន ដែលត្រូវគំរាមដកបណ្ណក្រីក្រជាដើម។
លោក សុន ឆ័យ បានអះអាងថា ករណីមានកំហុសលើបញ្ជី គួរតែផ្ដល់សិទ្ធឲ្យដាក់បញ្ជីថ្មីមួយទៀត ដែលការធ្វើដូច្នេះដើម្បីឲ្យមានការចូលរួមស្មើភាព ឬផ្ដល់លទ្ធភាពដើម្បីឲ្យមានការចូលរួម។ លោកបន្តថា ជំនួបពិភាក្សានេះខាងលើ គ.ជ.ប អះអាងថា អាចនឹងមានការកែលម្អខ្លះ ហើយការលុបបញ្ជីបេក្ខជននេះនឹងមានការកែប្រែផងដែរ។ ជាមួយគ្នានោះលោក សុន ឆ័យ បានស្នើសុំឲ្យ គ.ជ.ប ស្នើទៅខាងសមត្ថកិច្ចថា ប្រសិនបើមានរឿងអ្វីមួយពាក់ព័ន្ធនឹងបេក្ខជន សូមឲ្យទុករឿងនោះសិន ចាំរួចការបោះឆ្នោត ចាំដោះស្រាយ។
ទោះជាយ៉ាងណាលោក សុន ឆ័យ បានអះអាងថា នៅក្នុងជំនួបនេះមានលទ្ធផលច្រើន ហើយជាបរិបទថ្មីមួយក្នុងការជជែកពិភាក្សា។ លោកថា បើការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន នៅពេលលទ្ធផលចេញ អ្នកចាញ់ត្រូវជូនពរអ្នកឈ្នះ។ លោកថា នៅក្នុងជំនួបនោះតំណាង គ.ជ.ប បានអះអាងថា គ.ជ.ប បានធ្វើការងារនេះខ្លះហើយ ដើម្បីធ្វើយ៉ាងណាឲ្យបរិយាកាស នៃការ បោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន ស្មើរភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា នៅជំនួបនោះ ខាងគណបក្សភ្លើងទៀន មានចំនួន ៤រូបគឺ ទី១. លោក សុន ឆ័យ អនុប្រធានគណបក្ស,ទី២. លោក សំ សុគង់ សមាជិកអន្ត្រៃយ៍គណបក្ស និងជាមេធាវី,ទី៣. លោក កែត ឃី មេធាវីរបស់គណបក្ស ទី៤. លោក ហែម សុជាតិ អនុប្រធានការិល័យច្បាប់របស់គណបក្ស។ ចំណែកខាង គ.ជ.ប ដឹកនាំដោយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប, លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំ ពាក្យ គ.ជ.ប, លោក តុប ប្ញទ្ធី អគ្គនាយក នៃអគ្គ នាយកដ្ឋានសេវាកម្មច្បាប់ គ.ជ.ប, លោក វឹង មុន្នី នាយកខុទ្ធកាល័យប្រធាន គ.ជ.ប, លោក ខន កែវមនោ អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងសហការីមួយចំនួនទៀត៕
ដោយ៖ សូរិយា