ព័ត៌មានទាន់ហេតុការណ៍៖

ស្រីលង្កាធ្លាក់ជ្រៅនៅក្នុងវិបត្តិសេដ្ឋកិច្ច

ចែករំលែក៖

ស្រីលង្កាជិតអស់ថ្នាំសង្កូវ បរិក្ខារពេទ្យដោយសារតែវិបត្តិសេដ្ឋកិច្ចជាទ្រង់ទ្រាយធំ។ ក្រុមគ្រូពេទ្យស្រីលង្កាបានព្រមានថា វិបត្តិសុខាភិបាលនឹងសម្លាប់មនុស្សច្រើនជាងកូវីដ-១៩ទៅទៀត។
ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២បានដកស្រង់សម្តី វេជ្ជបណ្ឌិតក្នុងប្រទេសសី្រលង្កា ដែលបានព្រមានកាលពីថ្ងៃ១០ខែមេសាថា ពួកគេជិតអស់ថ្នាំសម្រាប់សង្រ្គោះជីវិតអ្នកជំងឺហើយ ខណៈដែលវិបត្តិសេដ្ឋកិច្ចនៃប្រទេសមួយនេះបានគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺខ្លាំងជាងជំងឺរាតត្បាតកូវីដ-១៩ទៅទៀត។
បើតាមសមាគមវេជ្ជសាស្រ្តសី្រលង្កា ហៅកាត់ថា SLMAបានឱ្យដឹងថា មន្ទីរពេទ្យទាំងអស់ក្នុងប្រទេស ប្រហែលជាលែងមានលទ្ធភាពនាំចូលឧបករណ៍វេជ្ជសាស្រ្ត និងថ្នាំពេទ្យសំខាន់ៗទៀតហើយ រីឯការវះកាត់ធម្មតាជាច្រើន ត្រូវបានផ្អាកចាប់តាំងពីខែមីនាមក ហើយសូម្បីតែការវះកាត់បន្ទាន់ក៏ទំនងជាមិនអាចធ្វើទៅបានក្នុងពេលឆាប់ៗនេះនេះដែរ។
នៅក្នុងលិខិតមួយផ្ញើជូនលោកប្រធានាធិបតី Gotabaya Rajapaksa (SLMA) បានព្រមានអំពីស្ថានភាពនេះដូច្នេះថា «យើងមានការលំបាកក្នុងការសម្រេចចិត្តថាតើនណាអាចទទួលបានការព្យាបាលមុន។ ប្រសិនបើការផ្គត់ផ្គង់មិនត្រូវបានស្តារឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទេ នោះអ្នកស្លាប់និងជនរងគ្រោះ នឹងកាន់តែអាក្រក់ជាងជំងឺរាតត្បាតទៅទៀត»។
ការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនសប្តាហ៍, កង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងឱសថ បាននាំមកនូវទុក្ខលំបាកយ៉ាងខ្លាំង សម្រាប់ប្រទេសស្រីលង្កា ដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨មក៕ ដោយ៖ ធីរីណា

រូបថត​៖ REUTERS

រូបថត​៖ New York Times


ចែករំលែក៖