.(តពីលេខមុន)
ម្ដងនេះ ឪពុកខ្ញុំលែងបានជិះលើកកង់ដើម្បីឱ្យបងប្រុសខ្ញុំដឹកទៀតហើយ។ ទាហានខ្មែរក្រហមបានបង្ខំឲ្យពួកយើងចេញដំណើរជាមួយក្រុមគ្រួសារឈ្លើយដឹករាប់រយនាក់ទៀត ហើយពេលនោះឪពុកខ្ញុំ ចាប់ផ្ដើមដើរទប់ជាមួយឈើច្រត់ ព្រោះកង់ដឹកគាត់លែងបានដោយសារផ្លូវរទេះភ្លើងរដិបរដុបដោយដុំថ្ម។ ដើរបានប្រហែល ៥ គីឡូម៉ែត្រប៉ុណ្ណោះឪពុកខ្ញុំទៅមុខលែងរួច គាប់ជួនពេលនេះជារាត្រីងងឹតស្លុបឪពុកខ្ញុំទច់ជំហានង៉ក់លើកដៃសំពះអង្វរទាហានខ្មែរក្រហម ” ចៅអើយតាទៅមុខទៀតលែងរួចហើយ! តាសុំអង្វរចៅដោះលែងគ្រួសារតាទៅគ្រួសារតាមិនជាប់និន្នាការទាហានស្អីនោះទេ” ភាពខ្លោចផ្សារហួសពីការស្មាននេះ បានធ្វើឱ្យបងប្រុសខ្ញុំជាគ្រូបង្រៀនរំជួលចិត្តអាណិតឪពុកខ្ញុំខ្លាំងណាស់គាត់ដាច់ចិត្តលោកយកនាឡិកាដៃរបស់គាត់ម៉ាក់អូរីយ៉ូពីក្នុងបង្វិចទៅឱ្យទាហានអាវខ្មៅម្នាក់នេះរួចនិយាយតិចៗថាខ្ញុំគ្មានអ្វីសងគុណសមមិត្តទេមានតែនាឡិកាដៃនេះសមមិត្តយកទុកប្រើចុះ។ ទាហានខ្មែរក្រហមមិនស្រដីក៏សម្លឹងទៅមើលនាយអាយ គ្រាដែលក្រុមឈ្លើយសឹកបានចាកចេញពីគ្រួសារខ្ញុំជិតកន្លះគីឡូម៉ែត្រទៅហើយ។ សមមិត្តរូបនេះ លូកដៃយកនាឡិកាពីដៃបងប្រុសខ្ញុំទៅដាក់ក្នុងហោប៉ៅអាវផាឌឹបខ្មៅរបស់គេ រួចប្រាប់ឪពុកខ្ញុំថា ញោមប្រញាប់គេចខ្លួនចូលទៅភូមិក្បែរនេះទៅ…កុំដើរតាមផ្លូវរទេះភ្លើងឲ្យសោញខ្លាចអង្គការច្រឡំថាខ្មាំង។ និយាយរួចទាហានខ្មែរក្រហមម្នាក់នេះប្រញាប់រត់តាមជួរតាមចំណាប់ខ្មាំងឱ្យទាន់ដើម្បីការពារកុំឱ្យចំណាប់ខ្មាំងគេចខ្លួន។ បានឱកាសល្អ ក្រុមគ្រួសារខ្ញុំមិនបង្អង់យូរនាំគ្នាគេចចូលទៅសម្ងំនៅភូមិប្រជាជនមូលដ្ឋានមិនហ៊ានក្អកឡើយ។ ពេលនេះប្រៀបដូចមានជីវិតថ្មីគ្រួសារខ្ញុំបានរួចផុតពីក្រញាំបិសាចខ្មែរក្រហមក្នុងស្បៃរាត្រីងឹតសូន្យសុង។ ប៉ុន្តែមិនបានមួយម៉ោងផងនៅខាងមុខឯនោះស្រាប់តែឮស្នូរកាំភ្លើងលាន់ឮដូចលាជផ្ទុះនៅតាមដងផ្លូវរទេះភ្លើងហើយស្នូរកាំភ្លើងនេះជាស្នូរបាញ់សម្លាប់ឈ្លើយសឹកដែលទាហានខ្មែរក្រហមបណ្ដើរជាមួយគ្រួសារខ្ញុំមុននេះបន្តិចឯង។ យប់នេះគ្រួសារខ្ញុំគ្មានអាហារចូលពោះទេ។ ពួកយើងនឿយហត់ខ្លាំងណាស់ក៏សម្រេចចិត្តចូលទៅផ្ទះប្រជាជនមូលដ្ឋានរស់នៅក្នុងតំបន់នោះមួយកន្លែង។ ដោយអាណិតឪពុកពេកព្រោះគាត់កំពុងឃ្លាន ខ្ញុំដាច់ចិត្តទៅដាស់ម្ចាស់ផ្ទះដែលកំពុងដេកសម្ងំមិនទាន់លក់ដោយសម្លេងខ្សឹបខ្សៀវថា ពូអើយមានសល់បាយកកទេ ខ្ញុំសុំមួយដុំឲ្យពុកហូប។ បានដូចចិត្តលោកពូម្ចាស់មូលដ្ឋានដាស់ប្រពន្ធគាត់ឱ្យទៅយកបាយកក ១ ដុំពីឆ្នាំងនៅផ្ទះបាយហុចឲ្យខ្ញុំ។ ខ្ញុំអររំភើបបំផុតប្រញាប់អរគុណគាត់រួចរត់យកបាយកកមួយដុំនេះហុចឱ្យម្ដាយនឹងពុកហូបជាមួយដុំអំបិល។ ចំណែកពួកខ្ញុំជាកូននិងចៅៗ បាននាំគ្នាបង្កាត់ភ្លើងដាំបាយនៅក្រោយផ្ទះរបស់ពូម្ចាស់ផ្ទះមូលដ្ឋាន ហើយម្នាក់ៗ ខំយកស្លឹកត្នោតបិទបាំងមិនឱ្យឃើញពន្លឺភ្លើងចង្ក្រានជះដល់ខាងក្រៅនោះឡើយ។ ខណៈនោះដែរនៅផ្លូវលំមុខផ្ទះឯណោះក្រុមទាហានខ្មែរក្រហមកំពុងរត់ដេញចាប់ពួកឈ្លើយសឹកទាហានលន់ នល់ ដែលរត់គេចពីជួរទាំងដៃជាប់ចំណង។ ពេលចាប់ បានក៏បណ្ដើរយកទៅបាញ់សម្លាប់ចោលក្បែរនោះ។ ទាហានអាវខ្មៅស្រែកខ្លាំងៗថា ” ចាប់…ចាប់វាឲ្យបានពួកអាខ្មាំងឈ្លើយសឹកបម្រើអាមេរិកាំង…ហ្អែងចង់រត់ទៅណាក៏មិនរួចដែរ” ។ រំលងពីផ្ទះខ្ញុំកំពុងដាំបាយប្រហែល៣០ម៉ែត្រ ស្រាប់តែមានស្នូរបាញ់កាំភ្លើងប្រាវ..ប្រាវ! មិនដឹងថា ទាហានអាវខ្មៅបាញ់សម្លាប់ទាហាន លន់ នល់ ដែលរត់គេចខ្លួននោះស្លាប់អស់ប៉ុន្មាននាក់នោះទេ។ គ្រួសារខ្ញុំកាន់តែភ័យតក់ស្លុតសាជាថ្មីម្ដងទៀត ម្នាក់ៗភ័យរួញខ្លួនរកកន្លែងពួនមិនហ៊ានក្អកឡើយ។ក្រោយមកឃើញថាស្ងប់ស្ងាត់បន្តិចគួបផ្សំបាយក៏ឆ្អិនដែរហើយនោះ យើងទាំងអស់គ្នាប្រញាប់ដួសបាយចែកគ្នាពមជាមួយដុំអំបិលរៀងរាងខ្លួន និងរកកន្លែងសំងំដេកមួយស្រឡេត។ មកដល់ម៉ោងបួនទៀបភ្លឺ យើងក្រោកពីដំណេកដើម្បីបន្តដំណើរទៅមុខទៀត ហើយបានជំរាបលានិងអរគុណម្ចាស់ផ្ទះជាអនេក ប៉ុន្តែមុនចាកចេញពីផ្ទះនេះ ម្ចាស់ផ្ទះបានផ្ដល់ដំបូន្មានដល់គ្រួសារខ្ញុំជាច្រើនឲ្យមានការប្រុងប្រយ័ត្នពាក្យសម្ដី ជាពិសេសបើអង្គការសួរថាធ្វើការងារអី? ត្រូវឆ្លើយថាធ្វើគូលីកម្មករគេបានហើយ។ គ្រួសារខ្ញុំអរគុណគាត់ម្ដងហើយម្ដងទៀតនឹងយកការទូន្មាននេះចាំក្នុងចិត្តមិនភ្លេចឡើយ។(នៅមានត)
ពិនិត្យនិងស្រាវជ្រាវដោយ÷ ចៅតាជេត