ភ្នំពេញ៖ ស្ត្រីមេម៉ាយកូន៣នាក់ បានជិះម៉ូតូឌុបមិត្តភក្ដិរបស់សង្សារខ្លួនមកប៉ងលោតទឹកលើស្ពានជ្រោយចង្វា ខណៈរូបគាត់ផឹកស្រវឹង និងខឹងប្រុសស្នេហ៍ក្រោយ ដែលខ្លួនស្រលាញ់ពេញបេះដូង រត់ទៅផ្ទះមិនប្រាប់ និងខលទូរស័ព្ទមិនព្រមលើកធ្វើឱ្យនាងតូចចិត្តបែបនេះ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ស្ត្រីរូបនេះមានឈ្មោះ ជាង វ៉ាន់ អាយុ៤២ឆ្នាំ ជាស្ត្រីម៉េម៉ាយមានកូនបីនាក់ជាមួយអតីតប្តី២នាក់ មុខរបររើសអេតចាយ ។
បើតាមសម្តីស្ត្រីដែលប៉ងសម្លាប់ខ្លួនឯងនេះ បានយំរៀបរាប់ថា គាត់បានលែងលះប្តី និងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ឈ្មោះសុខ ចាន់ធី អស់រយៈពេលជាង៤ឆ្នាំមកហើយ។ បុរសឈ្មោះ សុខ ចាន់ធី មានប្រពន្ធកូន និងគ្រួសារហើយ តែដោយសារការចេះយកចិត្តទុកដាក់ និងសុភាពរៀបសារ ធ្វើឲ្យនាងលង់ស្រលាញ់បុរសយ៉ាងខ្លាំង តែម្នាក់ឯង រហូតធ្លាប់រស់នៅជាមួយគ្នាមានកូន ហើយយកចេញចំនួន៤ដងមកហើយ ។ កន្លងមក បុរសឈ្មោះ សុខ ចាន់ធី នោះហាក់មិនខ្វាយខ្វល់ពីគាត់ នឹកឃើញចង់មករកក៏មក មិននឹកក៏ទុកនាងចោល ។
លុះនៅយប់ថ្ងៃកើតហេតុ គាត់ និងសង្សារឈ្មោះ សុខ ចាន់ធី រួមទាំងមិត្តភក្ដិរបស់គេម្នាក់ទៀត ឈ្មោះ ចាន់នី បានអង្គុយផឹកជុំគ្នានៅម្តុំផ្សារអូឡាំពិក ។ ពេលនោះ នាងផឹកស្រាបៀរអស់៤កំប៉ុងស្រវឹង ក៏ចូលបន្ទប់ទឹកមួយភ្លែត លុះចេញមកវិញ ស្រាប់តែសង្សារឈ្មោះ សុខ ចាន់ធី បានរត់ទៅផ្ទះចោលនាងបាត់ ដោយមិនបានលាមួយម៉ាត់ នៅសល់តែបុរសឈ្មោះ ចាន់ នី ត្រូវជាមិត្តភក្តិដែលសង្សារនាងបានណែនាំឱ្យស្គាល់នាង។
ស្ត្រីរងគ្រោះ បន្តថា ដោយមិនឃើញបុរសស្នេហ៍នាងក៏ខឹងយ៉ាងខ្លាំង និងបានខលទូរដ័ព្ទទៅមិនចូល ពេលខលចូលហើយ មិនលើកទូរស័ព្ទ ទើបនាងក៏បបួលបុរសឈ្មោះ ចាន់នី នោះទៅស្ពានជ្រោយចង្វារ ដោយនិយាយត្រូវគ្នា ពួកគេទាំងពីរ ក៏បានច្រកស្រាបៀរដាក់តាមម៉ូតូ ហើយនាងជាអ្នកឌុបបុរសឈ្មោះចាន់នី នោះ ធ្វើដំណើរមកដល់លើស្ពានជ្រោយចង្វាថ្មី នាងក៏ផ្តួលម៉ូតូរត់ឡើងលើបង្កាន់ដៃស្ពានប៉ុនប៉ងលោតទឹក តែត្រូវបុរសឈ្មោះចាន់នី លោតទៅចាប់ជាប់ និងទាញទម្លាក់មកវិញ សង្គ្រោះទាន់ពេលវេលា បង្កការភ្ញាក់ផ្អើលពេញលើស្ពានជ្រោយចង្វាតែម្តង។
ក្នុងហេតុការណ៍នោះដែរ ស្ត្រីរងគ្រោះក៏បានស្រែកហៅបុរសឈ្មោះ សុខ ចាន់ធី ចេញមុខមកដោះស្រាយ និងបញ្ជាក់ប្រាប់នាងឱ្យច្បាស់ៗមកថា ស្រលាញ់ ឬមិនស្រលាញ់។ បើគ្មានចម្លើយទេ នាងនឹងលោតទឹករហូតទាល់តែបានសម្រេច ។ ក្រោយកើតហេតុ ស្ត្រីរូបនេះ ត្រូវបានប្រជាពលរដ្ឋជួយឃាត់ រួចនាំគ្នានិយាយលួងលោម និងលើកទឹកចិត្តឱ្យគាត់ត្រឡប់ទៅផ្ទះវិញ ហើយនាងក៏ស្តាប់តាម និងបានឡើងម៉ូតូឌុបបុរសឈ្មោះចាន់នី ជិះចេញទៅបាត់៕
ដោយ៖សហការី