ព័ត៌មានទាន់ហេតុការណ៍៖

បុរសពីរនាក់ម្ចាស់គោយន្តកន្ត្រៃយ៍ដឹកបង្គោលរបងត្រូវទាហាន (ង៧០)បាញ់បណ្តាលឱ្យរងរបួសម្នាក់នៅស្រុកឱរ៉ាល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសពីរនាក់ជាម្ចាស់គោយន្តកន្ត្រៃយ៍ដឹកបង្គោលរបងត្រូវបានក្រុមទាហាន ង៧០ បាញ់បណ្តាលឲ្យរងរបួសម្នាក់ ព្រមទាំងខូចខាតគោយន្តមួយគ្រឿង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅត្រង់ចំណុចស្រែមួយស្ថិតក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២២។

នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានចំនួនពីរនាក់១.មានឈ្មោះ ស៊ីម ចំប៉ា ភេទ ប្រុស ២២ ឆ្នាំ រស់នៅភូមិ ពោធិ៍មាស ឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់ ជាអ្នកបើកបរគោយន្ត បានរងរបួស ចំ ក និង ដាច់ត្រចៀកខាងស្តាំ ។

២.ឈ្មោះ ខឿន គា ភេទ ប្រុស អាយុ ២៤ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា  មិនរងរបួស ដែលជាអ្នករួមដំណើរជាមួយ រងការខូចខាតគោយន្តទាំងស្រុង ដោយជនបង្កបានយកកាំភ្លើង បាញ់បំបែកកង់ខាងក្រោយ កាត់ខ្សែពាន និង យកដីខ្សាច់ដាក់ក្នុងម៉ាស៊ីនគោយន្តបណ្តាលឱ្យរងការខួចខាតគោរយន្តទាំងស្រុង។

ប្រភពបានបន្តទៀតថាក្រោយកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងជោសហការជាមួយអនុភូមិ ពោធិ៍មាស និង ប្រជាការពារ បានរកឃើញ វត្ថុតាង សំបកគ្រាប់ ដែលបានបាញ់រួច ចំនួន ៣ គ្រាប់ នៅក្បែរ កន្លែងកើតហេតុ ។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកមុខជនសង្ស័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖