ខេត្តស្វាយរៀង ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៣ ខែមេសា ឆ្នាំ២០២២នេះថា៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែមេសាម្សិលមិញនេះ នៅតែបន្តយុទ្ធនាការត្រួតពិនិត្យទំនិញគ្រប់ប្រេភេទនៅលើទីផ្សារដើម្បីប្រាកដថាទំនិញដែលដាក់លក់ជូនប្រជាពលរដ្ឋមុនឱ្យកាសបុណ្យប្រពៃណីជាតិខ្មែរមកដល់គឺមានសុវត្ថិភាពក្នុងការបរិភោគ ក៏ដូចជាប្រើប្រាស់។
តាមលទ្ធផលមន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២០.៧៤គីឡូក្រាមមករក្សាទុកដើម្បីបន្តនីតិវិធី និងពិន័យអន្តរការណ៍ផងដែរ។
ជាមួយគ្នានោះ នៅថ្ងៃដដែល មន្រ្តីជំនាញ បានរកឃើញស្ថានីយនិងដេប៉ូប្រេងឥន្ធនៈចំនួន ៨ ទីតាំងត្រូវបានរកឃើញថាមិនមានអនុលោមភាព។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋាន ក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះវិហារបន្តចុះត្រួតពិនិត្យតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈបានចំនួន ២១ស្ថានីយ/ដេប៉ូ ដោយបានរកឃើញដេប៉ូចំនួន ៨ មិនមានអនុលោមភាព និងបានធ្វើការពិន័យដល់ម្ចាស់ដេប៉ូទាំងនោះផងដែរ៕
ដោយ៖សហការី