ខេត្តស្វាយរៀង ៖ លោក ជុក មុន្នី អនុប្រធានទី១ គណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះជួយសង្កាត់ចេក បង្កើតកម្មវិធីសង្ក្រាន្តឆ្នាំថ្មី និងប្រកួតបាល់ទាត់យុវជនបង្កឲ្យ ភាពសប្បាយរីករាយដល់យុវជននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នៅថ្ងៃស្អែកនេះ។
ពិធីនេះក៏មានការចូលរួមពីលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង លោកប្រធានក្រុមការងារចុះជួយសង្កាត់ចេក និងលោក រៀម ស៊ីណា អនុប្រធានក្រុមការងារចុះជួយសង្កាត់ចេក លោកចៅសង្កាត់ក្រុមប្រឹក្សាសង្កាត់ និងយុវជនជាច្រើននាក់ ដែលបានរៀបចំឡើងស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក ជុក មុនី្ន បានថ្លែងផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង ដែលជានិច្ចកាលលោកស្រីតែងតែនឹករលឹក ដល់ ប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង និងផ្តាំទៅយុវជនទាំងអស់ចេះស្រលាញ់កីឡានឹងចៀសឆ្ងាយពីគ្រឿងញៀន គ្រប់ប្រភេទ។
លោកបានបន្តថា ការរៀបចំឲ្យមានសង្ក្រាន្តនឹងការប្រកួតកីឡាបាល់ទាត់នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ដោយ ឆ្លៀតពេលបុណ្យចូលឆ្នាំខ្មែរហើយ បានបង្កើតភាពសប្បាយរីករាយដល់យុវជនយើងឲ្យចេះស្រលាញ់វប្បធម៌និងកីឡា ទាំងនេះជាចំណុចពិសេសមួយនិងជាគំរូដល់យុវជនផ្សេងៗទៀត ព្រោះកីឡាបានធ្វើឲ្យកាយសម្បទា យើងមាំមួនចៀសឆ្ងាយពីជំងឺនឹងចៀសឆ្ងាយពីអំពើអបាយមុខនិងគ្រឿងញៀនគ្រប់ប្រភេទផងដែរ។
លោកបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំការវាយតម្លៃរបស់រដ្ឋបាលខេត្តរយៈពេល ២ឆ្នាំចំណុចដែលរំភើប និងអបអរសាទរមាន៣សំខាន់គឺ៖
*ទី១៖ ខេត្តស្វាយរៀង បានកាត់បន្ថយពាក់ព័ន្ធទៅនឹងរឿងបទល្មើសព្រហ្មទណ្ឌលួច ឆក់ ប្លន់បានចំនួន ៩៤ភាគរយ។
*ទី២៖ ភូមិ ឃុំ មាន សុវត្ថិភាពក្នុងចំណោមឃុំ សង្កាត់នៅទូទាំងខេត្តស្វាយរៀងជាប់ចំណាត់ថ្នាក់លេខ១ចំនួន៧៨ ឃុំ សង្កាត់និងសល់២ឃុំ សង្កាត់ប៉ុណ្ណោះដែលជាប់លេខ២ អញ្ចឹងមានន័យថាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ គឺមានភាពល្អប្រសើរខ្លាំង ដោយសារក្រុមការងារយើងទាំងអស់គ្នាបានធ្វើវេទិកាផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពគ្រប់ឃុំ សង្កាត់ នៅទូទាំងខេត្តស្វាយរៀង ទើបធ្វើឲ្យការយល់ដឹងពីប្រជាពលរដ្ឋ ទទួលបានផ្លែផ្កាល្អជាទីគាប់ចិត្ត។
*ទី៣៖ ខេត្តស្វាយរៀង បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលបានមួយរយភាគរយនៅទូទាំងខេត្តផងដែរ។ ដូច្នេះចំណុចទាំងប៣នេះគឺជាការល្អប្រសើរណាស់សម្រាប់មុខមាត់ខេត្តស្វាយរៀងយើង ដែលទទួលបានលទ្ធផលល្អដែលធ្វើឲ្យអាជ្ញាធរខេត្តស្វាយរៀងយើងមានលទ្ធភាពក្នុងការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ជាពិសេសបង្កើតការងារឲ្យប្រជាពលរដ្ឋក្នុងខេត្តមានការងារធ្វើរាប់ម៉ឺននាក់ផងដែរ។
លោក ជុក មុន្នី ក៏បានផ្ដាំផ្ញើដល់យុវជនទាំងអស់ឲ្យខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីក្លាយខ្លួនជាទំពាំងស្នង ឬស្សីប្រកបដោយចំណេះនិងជំនាញពិតប្រាកដត្រូវចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ។ ជាមួយគ្នានេះ ខេត្តស្វាយរៀង យើងក៏មានកន្លែងដើរលេងកំសាន្តជាច្រើនជាពិសេសមាត់ទន្លេវៃគោក៏មាន «ច្រាំងតាបុល» ដែលទើបតែ សម្ពោធដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ គឺប្រជាពលរដ្ឋទូទៅអាចដើរលេងកម្សាន្តនិងហាត់ប្រាណបានផងដែរ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់យុវជននៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀងមានរយៈពេល ២ថ្ងៃ ដែលមានកីឡាករមកពី៣ស្រុកក្រុងគឺស្រុកស្វាយជ្រំ ក្រុងស្វាយរៀងនិងស្រុករំដួល និងមានក្រុមបាល់ទាត់បុរសចំនួន៤ ក្រុមនឹងក្រុមបាល់ទាត់នារីចំនួន៣ក្រុម ហើយចំពោះចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៥០ ម៉ឺនរៀលនិងលេខ២ ទទួលបានថវិកា ៣០ ម៉ឺនរៀលផងដែរ។ ចំណែកសង្ក្រាន្ដចូលឆ្នាំថ្មីវិញក៏ចាប់ផ្ដើមលេងចាប់ពីថ្ងៃទី ១៣ នេះរហូតដល់ថ្ងៃទី ១៦ ខែមេសាឆ្នាំ២០២២ផងដែរ ៕
ដោយ៖យឹម សុថាន