ខេត្តស្វាយរៀង៖ ភ្ញាក់ផ្អើលទាំងព្រឹកដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល់ជួយសង្គ្រោះធ្វើចលនាដៃជើងតែអកុសលយឹតពេលទៅហើយខណៈបុរសម្នាក់តខ្សែភ្លើងដាក់ម៉ូទ័របូមទឹកមិនប្រយ័ត្នបណ្តាលឱ្យឆក់ស្លាប់តែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៣ខែមេសា២០២២ ស្ថិតនៅត្រង់ចំណុចភូមិក្តុម្ពី ឃុំគោកព្រឹង ស្រុកស្វាយជ្រំ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសរងគ្រោះមាន ឈ្មោះគីង សាមិត្ត អាយុ៣៩ឆ្នាំរស់នៅភូមិក្តុម្ពី ឃុំគោកព្រឹង ស្រុកស្វាយជ្រំ។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសាកសពដោយសន្និដ្ឋានថាពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីដែលសំគាល់ថាជារឿងឃាតកម្មនោះទេ។
តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសខាងលើបានតខ្សែភ្លើងដាក់ម៉ូទ័របូមទឹកដូចសព្វរាល់ដងក្រោយមកស្រាប់តែឃើញបុរសខាងលើដេកដួលប្រកាច់ទើបបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល់ជួយសង្គ្រោះធ្វើចលនាដៃជើងអកុសលយឹតពេលទៅហើយ។
សពក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុទើបប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដីក្ដុកក្ដួលនិងសោកសង្រេងបំផុត ៕
ដោយ៖យឹម សុថាន