ខេត្តសៀមរាប ៖ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ លោក វ៉ូ វណ្ណា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) អមដោយក្រុមការងារសប្បុរសធម៌ នៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានកងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ នៅក្នុងពិធីដ៏ឱឡារិកនេះ ប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទទួលបានការស្វាគមន៍ដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ អមដោយមេបញ្ជាការរង នាយទាហាន និងពលទាហាន។
អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ផ្តល់ជូនកងពលធំអន្តរាគមន៍លេខ២ នាឱកាសនេះ រួមមាន អង្ករ ១០ តោន, ត្រីខកំប៉ុង ៤០ កេសធំ, មីជាតិ ៤០ កេសធំ, ទឹកត្រី ២០យួរ, ទឹកស៊ីអ៊ីវ ២០ យួរ, ស្ករស ១ តោន, ទឹកក្រូច ៥០ កេស, ទឹកផ្លែឈើ ៥០ កេស, ស្រាបៀរ ២០០ កេស, អាល់កុល ១០ កាន,ម៉ាស់ ១៥ ០០០ បន្ទះ ព្រមទាំងថវិកាមួយចំនួន។ លោក ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់កងពលធំអន្តរាគមន៍លេខ២ និងជាពិសេសក្នុងស្ថានការណ៍ដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ-១៩។
ក្នុងន័យដើម្បីពង្រឹងចំណងសម្ព័ន្ធមេត្រីភាពនេះបន្ថែមទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តបេសកកម្មក្នុងការចុះសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងពលធំអន្តរាគមន៍លេខ២ នេះជាបន្តទៀតនាពេលខាងមុខ ៕
ដោយ ៖ សិលា