ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ក្នុងទីបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ នៅទីបញ្ជាការវរសេនាតូចលេខ១ ថ្មធំ ។
សូមបញ្ជាក់ផងដែរថា, នៅក្នុងឱកាសនោះដែរ លោក មេបញ្ជាការ បានពាំនាំនូវមិតិផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខាងលើដូចជា ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក យោធភូមិភាគទី៤ គណៈបញ្ជាការឯកភាពខេត្តព្រះវិហារ ។
លោក មេបញ្ជាការ បានបញ្ជាក់ទៀតថា យើងជាកងកម្លាំងត្រូវការពារបូរណភាពទឹកដី និងរក្សាសុខសុវត្ថិភាព ស្ថេរភាពដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ។
ជាចុងបញ្ចប់ លោក បានប្រសិទ្ធពរជ័យ ដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សូមឲ្យទេវត្តាឆ្នាំថ្មីថែរក្សាបងប្អូនឲ្យមានសុខភាពល្អ ជៀសផុតពីជម្ងឺទាំងពួង និងសូមឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។
ក្នុងនោះ លោក បានឧបត្ថម្ភថវិកាដល់ អង្គភាព វរសេនាតូចលេខ១ ចំនួន៥០០,០០០៛ អង្គភាព វរសេនាតូចលេខ២ ចំនួន៥០០,០០០៛ ផ្នែកសឹករងជាំក្សាន្ដ ចំនួន៥០០,០០០៛ ផ្នែកសឹករងឆែប ចំនួន៥០០,០០០៛ និងសម្ភារៈមួយចំនួនផងដែរ មិនតែប៉ុណ្ណោះ ឯកឧត្តម មេបញ្ជាការ បានរៀបចំលេងល្បែងប្រជាប្រិយ ដូចជា រាំលេងកម្សាន្ដ លោតបាវ ។ល។ ៕
ដោយ៖ សិលា