ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ អភិសេករូបសំណាក “ព្រះថោងនាងនាគ” នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជា​ថ្ងៃទី​៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​។

សូមបញ្ជាក់ថា, រូបសំណាក “​ព្រះថោង​នាងនាគ​” ត្រូវបាន​រៀបចំ​នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែលជា​ចំណុចប្រសព្វ​គ្នា​រវាង​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ។ រូបសំណាក ព្រះថោង​តោង​ស្បៃ​ព្រះ​នាងនាគ ដ៏​ធំ​សម្បើម​នេះ មាន​កម្ពស់​ជាង ២១​ម៉ែត្រ រចនា​ស្ថាបត្យកម្ម ដោយ​កូន​ខ្មែរ ត្រូវបាន​សាងសង់ឡើង​យ៉ាង​ហ្មត់ចត់​នៅ​ប្រទេស​ចិន និង​បាន​ដឹក​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​២៥ ខែមីនា ២០២២​។

រូបសំណាក “​ព្រះថោង​នាងនាគ​” បានដាក់​បែរ​ព្រះ​ភក្ត្រ ឆ្ពោះទៅ​សមុទ្រ ដោយសារ​រឿងព្រេង ការ​កកើត​នគរ​ខ្មែរ គឺ​ព្រះ​នាងនាគ​បាន​ឲ្យ​ព្រះថោង តោង​កន្ទុយ ឬ​ស្បៃ ដើម្បី​មុជទឹក ហោះ​ទៅកាន់​ឋាន​ស្ដេច​ភុជង្គនាគ ដើម្បី​ជួប​មាតា បិតា​របស់​ព្រះ​នាង ហើយ​នោះ គឺជា​និម្មិត​រូប នៃ​ការកកើត​ទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​នគរ​ខ្មែរ គោកធ្លក ដែល​គេ​ឃើញ​មាន​តរៀងមក​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្មែរ រហូតដល់​សព្វថ្ងៃ​។
រូបសំណាក​ដ៏​ធំ​ស្កឹមស្កៃ​នេះ ជា​រូបសំណាក​មួយ ក្នុងចំណោម​រូបសំណាក់​និមិត្តរូប នៃ​ខេត្ត​ព្រះសីហនុ​ចំនួន​៤ ដែល​រូបសំណាក់​៣​ផ្សេងទៀត​មានដូចជា ៖ រូបសំណាក​តោ​មាស រូបសំណាក​ព្រះ​សិវៈ និង​ព្រះ​នាង​ឧមា (​សាងសង់​ថ្មី​) និង​រូបសំណាក​សីហ​ក្បាល​រាជ​សី​ជាដើម។
សូមរម្លឹកថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ខណៈអញ្ជើញនាំឧត្តមភរិយាថតរូបជាមួយរូបសំណាកថ្មីដែល ទើបកសាងរួចគឺព្រះថោងនាងនាគនៅ មាត់សមុទ្រក្រុងព្រះសីហនុ បានមានប្រសាសន៍លើផេកផ្លូវការសម្តេចថា, “ពីរនាក់បានហើយ’ !
សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, នាំភរិយាថតរូបជាមួយរូបសំណាកថ្មីដែលទើបកសាងរួចគឺព្រះថោងនាងនាគនៅ មាត់សមុទ្រក្រុងព្រះសីហនុ។
សម្តេចតេជោថ្លែងថា, ពេលខ្ញុំរៀបការមិនបានតោងស្បៃទេតែ ថ្ងៃនេះថតជាមួយរូបសំណាកព្រះថោង
តោងស្បៃទុកឱយកូនចៅមើល។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអញ្ជើញមកដល់ទីតាំងរូបសំណាក «ព្រះថោង នាងនាគ» ដែលបានដំឡើងរួចរាល់ជាស្ថាពរ ជាមួយគោរព ទទួលពីថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋ អាជ្ញាធរ សមត្ថកិច្ចការពារ សន្តិសុខ សុវត្ថិភាព យ៉ាងយកចិត្តទុកដាក់។
សូមជម្រាបថា រូបបដិមា«ព្រះថោង នាងនាគ »គឺជារូបបដិមាស្ពាន់ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលសាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ ២១ម៉ែត្រ តម្កល់នៅលើបាល្ល័ង្គកម្ពស់ ៦,៣៤ ម៉ែត្រ នឹងឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគដែលមាបអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀម ទម្លាប់ខ្មែរ៕

ដោយ៖ សិលា


ចែករំលែក៖