ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសស្រី៣នាក់ឈរលេង នៅលើដំបូកដីខ្សាច់ជ្រាំងទន្លេ ស្របពេលទឹកទន្លេបានជន់ឡើង ហូរច្រោះដីខ្សាច់បាក់ធ្លាក់ចូលក្នុងទឹកកំពុងហូរ

ចែករំលែក៖

ខេត្តរតនគិរី ៖ គ្រោះថ្នាក់ទឹកហូរជន់ធ្លាក់ក្មេងប្រុសស្រី៣នាក់ ធ្លាក់ចូលទឹកទន្លេសេសានកំពុងជនហូរ ខណៈកំពុងឈរលេងភ្លេចខ្លួន។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៖៣០នាទីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២២ ត្រង់ចំណុចក្រោមស្ពានសេសាន ស្ថិតនៅក្នុងភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។  

ក្មេងស្រី២នាក់ឯក្មេងប្រុសម្នាក់ទៀត បានចុះទៅលេងក្រោមស្ពាន ជាមួយគ្នាហើយក៏បានឡើងឈរលេង នៅលើដំបូកដីខ្សាច់មាត់ទន្លេសេសាន ស្របពេលនោះស្រាប់តែ ទឹកទន្លេបានហក់ឡើងធ្វើឲ្យហូរច្រោះ ដីខ្សាច់បាក់ បណ្តាលឲ្យធ្លាក់ក្មេងស្រី២នាក់ ចូលក្នុងទឹកទន្លេដែលកំពុងហូរ។ ចំណែកក្មេងប្រុសម្នាក់ទៀតដែលឈរក្បែរនោះ ឃើញដូច្នេះក៏ស្រាតខោអាវ លោតទឹកជួយ តែអកុសលគ្នាអត់ចេះហែលទឹកផងនោះ ក៏បានលង់ស្លាប់តែម្តងទៅ។ ចំណែកក្មេងស្រីម្នាក់ចេះហែលទឹកក៏រួចជីវិត តែក្មេងស្រីម្នាក់ទៀត ព្រោះមិនចេះហែលទឹកក៏បានស្លាប់ក្នុងហេតុការណ៍នេះតែម្តង។

នេះបើតាមឪពុកម្តាយជនរងគ្រោះបានប្រាប់ថា. ពួកគាត់បានបោះតង់ចម្ងាយពីកន្លែងកូនគ្រោះថ្នាក់ ប្រហែល១០០ម៉ែត្រ ហើយកូនរបស់គាត់បានទៅឈរលេង លើដំបូកដីខ្សាច់ខាងក្រោមស្ពាន ជាមួយក្មេងស្រីៗ២នាក់ ខណៈនោះដែរ ទឹកក៏បានឡើងហើយហូរថែមទៀតផង ស្រាប់តែដំបូកដីខ្សាច់នោះបានបាក់ ហើយធ្លាក់ក្មេងស្រីនោះចូលក្នុងទឹកទន្លេកំពុងហូរ។ ភ្លាមៗនោះកូនប្រុសគាត់ឃើញដូច្នេះ ក៏ស្រាតខោអាវរបស់ខ្លួន រួចលោតចុះទៅជួយប៉ុន្តែជួយមិនបាន ក៏លង់ខ្លួនឯងលិចបាត់ទៅ នៅរកមិនទាន់ឃើញនៅឡើយ។ 

ចំណែកក្មេងស្រី ២នាក់ដែលបាក់ដីធ្លាក់នោះ មានម្នាក់លង់ស្លាប់ដោយសារមិនចេះហែលទឹក ម្យ៉ាងទៀតដោយក្មេងស្រីដែលស្លាប់នោះ ស្លៀកខោកាបូយជើងវែង។ ចំណែកក្មេងស្រីម្នាក់ទៀត ចេះហែលទឹក ក៏បានរួចផុតពីសេចក្តីស្លាប់ដូចបានកើតម្តងទៀតចឹង៕ សមត្ថកិច្ចនគបាលស្រុកអណ្តូងមាសក៏បានឲ្យដឹងដែរថា. ករណីក្មេងប្រុសស្រី៣នាក់ ដែលបានលង់ទឹកដោយសារ ទឹកហូរច្រោះធ្វើឲ្យទី១.ក្មេងប្រុសម្នាក់ស្លាប់ មានឈ្មោះ វណ្ណ សុរ៉ាត អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។ ទី២.ឈ្មោះឌឿន ស្រីល័ក្ខ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ស្លាប់។ ទី៣.ឈ្មោះ រី សម្ភស្ស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ត្រូវបានក្រុមការងារ សមត្ថកិច្ចនិងប្រជាពលរដ្ឋ បានជួយសង្គ្រោះ រួចពីក្តីស្លាប់។ សពរកឃើញសមត្ថកិច្ចត្រូវប្រគល់ ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកសាកសពក្មេងប្រុស ដែលបាត់រកមិនទាន់ឃើញ សមត្ថកិច្ចនៅតែបន្តរុករក។

ដោយ៖ មាស សុផាត


ចែករំលែក៖