ប្រទេសឥណ្ឌា : នៅក្នុងវេទិការសាធារណៈមួយដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ អ្នកសារព័ត៎មានស្រ្តីមួយរូប បានចោទជាសំណួរទៅកាន់អ្នកប្រាជ្ញសាសនាមួយរូបដ៏ល្បីល្បាញរបស់ឥណ្ឌា គឺលោកបណ្ឌិត Zakir Naik ដែលជាអ្នកផ្សព្វផ្សាយសាសនាឥស្លាម ថា “ហេតុអ្វីបានជាបុរសមូស្លីមអាចរៀបការជាមួយប្រពន្ធបានដល់ទៅ៤?” វាមិនមានលក្ខណៈណាមួយដែលគិតថាសមហេតុផលទាល់តែសោះ។ ឆ្លើយតបនឹងសំណួរនេះ អ្នកប្រាជ្ញសាសនា Zakir បាននិយាយថា នៅប្រទេសឥណ្ឌា ទោះបីជាច្បាប់ហាមឃាត់ បុរសឥណ្ឌាដែលកាន់សាសនាហ៊ីនឌូ មានប្រពន្ធច្រើនជាងបុរសមូស្លីមទៅទៀត។ លោកថា “គម្ពីរ Qur’an នៅក្នុងជំពូកទី៤ បានចែងថា អ្នកអាចរៀបការជាមួយនារីដែលអ្នកពេញចិត្តបាន២នាក់, ៣នាក់ ឬ៤នាក់ ដរាបណាអ្នកអាចផ្តល់យុត្តិធម៌ឱ្យពួកគាត់បាន បើពុំនោះទេយកតែមួយទៅបានហើយ”។
លោក Zakir បានបន្ថែមថា មនុស្សជាច្រើនដែលមិនមែនជាមូស្លីមគិតថា សាសនាមួយនេះ បានបង្ខំឱ្យបុរសមូស្លីមមានប្រពន្ធលើសពីមួយ។ តាមពិតវាមិនមែនជាការបង្ខិតបង្ខំទេ វាគ្រាន់តែជាជម្រើសប៉ុណ្ណោះ។ នៅក្នុងប្រទេសឥណ្ឌា មានអ្នកកាន់សាសនាឥស្លាមដែលមានប្រពន្ធមិនលើសពីមួយច្រើនជាង បុរសមូស្លីមផង។
យោងតាមស្ថិតិជាសាកល ចំនួនបុរសមានច្រើនជាងស្រ្តី ហើយបុរសក៏ស្លាប់ច្រើនជាងស្ត្រីដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ការសេពគ្រឿងស្រវឹង និងដោយសារសង្គ្រាមជាដើម ដូចនេះហើយទើបបុរសត្រូវរំលែកខ្លូនជួយដល់ស្រ្តីឱ្យមានតុល្យភាពខ្លះ។
អ្នកប្រាជ្ញសាសនារូបនេះ បានលើកឧទាហរណ៍ថា នៅអាមេរិកមានស្រ្តីចំនួន ៧.៨ លាននាក់ច្រើនជាងបុរស ដូចនេះបើគិតជាទីផ្សារប្តីមួយប្រពន្ធមួយ ស្ត្រីអាមេរិកចំនួន៧.៨លាននាក់នឹងនៅសាវកែ (ក្រមុំចាស់) គ្មានដៃគូ។ ដូច្នេះ ពូកគាត់ត្រូវរៀបការជាមួយបុរសដែលមានប្រពន្ធរួចហើយ បើមិនដូច្នោះទេនឹងក្លាយទៅជាទ្រព្យសម្បត្តិសាធារណៈ។ នៅក្នុងសាសនាឥស្លាម ប្រសិនបើអ្នកមានប្រពន្ធទីពីរ អ្នកត្រូវផ្តល់សិទ្ធិស្មើគ្នា និងផ្តល់កិត្តិយសដូចគ្នាដែរ។ ជាច្បាប់ធម្មជាតិ គ្មានមនុស្សស្រីណាចង់ចែករំលែកប្តីឱ្យគេទេ តែស្ត្រីមូស្លីមខ្លះយល់ថាត្រូវសុខចិត្តខាតបង់តូច ជាជាងខាតបង់ធំ ពោលគឺកុំឱ្យបងស្រី ឬប្អូនស្រីរបស់ពួកគាត់ក្លាយជាទ្រព្យសម្បត្តិសាធារណៈ។
ខាងលើនេះគ្រាន់តែជាការបកស្រាយមួយរបស់អ្នកប្រាជ្ញសាសនាដ៏ល្បីល្បាញមួយរូបរបស់ឥណ្ឌាទេ មិនមែនជាសំណេរ ឬការបញ្ចេញបញ្ចួលមតិរបស់ខ្ញុំឡើយ៕
ដោយ ៖ ពុយ គា